មន្ទីរសាធារណការ និងដឹកជញ្ជូន បើកសិក្ខាសាលាយុទ្ធនាការបណ្តុះបណ្តាលបច្ចេកទេសជួសជុល ថែទាំផ្លូវនៅក្នុងខេត្តប៉ៃលិន


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ  វិចិ្ឆកា ឆ្នាំ២០១៩ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន មានបើកសិក្ខាសាលា ស្តីពីយុទ្ធនាការបណ្តុះបណ្តាលបច្ចេកទេសជួសជុល ថែទាំផ្លូវ និង កម្មវិធីថែ​ទាំ​ផ្លូវ (Road Care Mobile App)នៅក្នុងខេត្តប៉ៃលិន។ ពិធីបើកអង្គសិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោក យិន សិរីវុធ ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការញ្ជើញពីសំណាក់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត និងលោក-លោកស្រីប្រ​ធាន ​អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត  លោកអភិបាលរងក្រុង/ស្រុក មេឃុំចៅ/សង្កាត់ និងសិស្សា​នុសិស្សសរុប ចំនួន៧៣នាក់។

លោក យិន សិរីវុធ ប្រធានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា៖ យុទ្ធនាការបណ្តុះបណ្តាល និង ផ្សព្វផ្សាយកម្មវិធី ស្តីពីបច្ចេកទេសជួសជុលថែទាំផ្លូវ និងកម្មវិធីថែទាំផ្លូវ (Road Care Mobile App) ត្រូវបានរៀបចំឡើងក្នុងគោលបំណងគឺ៖ ទី១/ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ណែនាំពីររបៀបនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដើម្បីងាយស្រួលក្នុងការឆ្លើយតប និង ការទំនាក់ទំនងទៅកាន់សាធារណៈជន ដែលបានរាយការណ៍ដោយផ្ទាល់ពីស្ថានភាពផ្លូវក្រលុកឬសំបុកមាន់ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ ទី២/ ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ និង ការត្រួតពិនិត្យមើលទិន្ន័យ នៃការរាយការណ៍ និងជួសជុលផ្លូវតាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ។ ទី៣/ ទិន្ន័យដែលទទួលបានពីប្រជាពលរដ្ឋតាមរយៈកម្មវិធីថែទាំផ្លូវ (Road Care Mobile App) នេះមានសារៈសំខាន់ណាស់ ព្រោះវាអាចប្រើជាមូលដ្ឋានគ្រឹះក្នុងការគណនាលើការសាងសង់ផ្លូវថ្នល់។  លោកបានបន្តថា៖ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់នឹងយល់ច្បាស់ និងអាចទាញយកកម្មវិធីថែទាំផ្លូវនេះយកទៅប្រើប្រាស់ដើម្បីតាមដាន និងចូលរួមរាយការណ៍ពីបញ្ហាផ្លូវក្រលុក សំបុកមាន់  និងចូលរួមផ្សព្វផ្សាយ និងណែនាំដល់មិត្តភក្កិ ក្រុមគ្រួសារ និងសាធារណៈជន អោយប្រើប្រាស់កម្មវិធីថែទាំផ្លូនេះអោយបានទូលំទូលាយជាងមុន ក្នុងការចូលរួមរាយការណ៍ពីបញ្ហាផ្លូវខូចទាំងឡាយ ដើម្បីអោយមន្ត្រីជំនាញយើងចុះទៅជួសជុល និងឆ្លើយតបអោយកាន់តែល្អប្រសើរ។  លោកក៏បានសំណូមពរដល់មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង/ស្រុក មេឃុំ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋត្រូវសហការគ្នាចូលរួមថែទាំផ្លូវ និងកុំយកដីចំណីផ្លូវមកលក់ដូរ ដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ។ ជាពិសេសថ្នាក់ដឹកនាំមន្ត្រីនៃមន្ទីរសាធា​រណការ និងដឹកជញ្ជូន​ខេត្ត ត្រូវអនុវត្ត និងមានវិធានការអោយបានម៉ឹងម៉ាត់ ចំពោះរថយន្តដែលផ្ទុកលើកទម្ងន់ធ្វើចរាចរណ៍លើដងផ្លូវ។

បើតាមលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តបានអោយដឹងថា៖ បណ្តាញផ្លូវគិតត្រឹមចុងឆ្នាំ២០១៩ នៅក្នុងខេត្តប៉ៃលិនមានផ្លូវជាតិចំនួន២ខ្ទង់  ប្រភេទ DBST ប្រវែង៥៤គីឡូម៉ែត្រ ។ ផ្លូវខេត្តមាន៖ ប្រភេទ DBST ប្រវែង ៣៤គីឡូម៉ែត្រ , ផ្លូវក្រួសល្បាយថ្មភ្នំមានប្រវែង ១៨៦ គីឡូម៉ែត , ផ្លូវដីមានប្រវែង ៦៦ គីឡូម៉ែត្រ។ ផ្លូវក្រុងមាន៖ ប្រភេទ DBST ប្រវែង ២២គីឡូម៉ែត្រ, ប្រភេទ MCD ប្រវែងជិត៤គីឡូម៉ែត្រ, ផ្លូវបេតុងប្រវែងជិត ៥គីឡូម៉ែត្រ, ផ្លូវក្រួសល្បាយថ្មភ្នំមានប្រវែងជាង​១៤គីឡូម៉ែត្រ និងផ្លូវដីមានប្រវែងជាង១គីឡូម៉ែត្រ។

សូមបញ្ជាក់ថា៖ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) នេះជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបង្កើតដោយកូនខ្មែរជាមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈដែលបានដាក់ជូនដល់សាធារណៈជនប្រើប្រាស់ដើម្បីរាយការណ៍ពីបញ្ហាផ្លូវខូច ទៅកាន់មន្ត្រីពាក់ព័ន្ឋអោយចាត់វិធានការអោយទាន់ពេលវេលា៕ ពិនិត្យ កែសម្រួល៖ វួច ពឿន