ឯកឧត្តម សក់ សេដ្ឋា៖ កងកម្លាំងប្រដាប់អវុធទាំង៣ស្ថាប័ន បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ក្រាបទប់ស្កាត់ ក្រុមជនក្បត់ជាតិ ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា


មានប្រសាសន៍នៅក្នុងពិធីហ្វឹកហ្វឺនកងកម្លាំង​សមត្ថកិច្ចទាំងបីស្ថាប័ន នៅក្នុងខេត្តប៉ៃលិននាព្រឹកថ្ងៃពុធ ១០កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណសាលាខេត្តប៉ៃលិន, ដោយមានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាក្រសួងមហាផ្ទៃ  បានមានប្រសាសន៍​ថា៖ កងកម្លាំងប្រដាប់អវុធទាំង ៣ស្ថាប័ន បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ក្រាបទប់ស្កាត់​​ក្រុមជនក្បត់ជាតិ សម រង្សី និងបក្សពួក ដែលចង់បង្ករអសន្តិសុខ បំផ្លាញសន្តិភាពនៅកម្ពុជា តាមរយៈផែនការផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ក៏ដូចជាការត្រៀមខ្លួនជាស្រេច ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ មិនអោយជនណាមកជាន់ឈ្លី ជេប្រមាថ​បាននោះ​ឡើយ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការប្តេជ្ញាចិត្តខ្ពស់របស់​កងកម្លាំងទាំងអស់ ​ពិតជា​មាន​តម្លៃ មិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុង​រស់នៅ​ក្នុង​ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តាមលទ្ធិប្រជាធិបតេយ្យ ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សូមបញ្ជាក់ថា៖ បើតាមរបាយការរបស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានអោយដឹងថា កងកម្លាំង​សមត្ថកិច្ចទាំងបីស្ថាប័ននៅក្នុង​ខេត្តប៉ៃលិន ដែលត្រូវចូលរួមហ្វឹកហ្វឺននេះរួមមាន៖ កងនគរបាលជាតិ កងរាជអាវុធហត្ថ និងទាហ៊ាន សរុប៥៥០នាក់ ដែលកងកំលាំងទាំងអស់នឹងត្រូវចល័តតាមដងផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅកាន់ច្រកព្រំដែន និងតាមផ្លូវសំខាន់មួយចំនួនទៀតនៅក្នុងខេត្តប៉ៃលិនផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន