ថ្នាក់ដឹកនាំខេត្ត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធភាពការងារលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ


ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត និងក្រុមការងារ បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ​មន្ទីរ​សុខា​ភិបាលខេត្ត និងប្រគល់ភារកិច្ចជូនលោក ស្លេះ យូ ជាប្រធានមន្ទីរស្តីទី ដើម្បីពង្រឹង​ប្រសិទ្ធ​​ភាព​ការងារ និងការផ្តល់សេវ៉ាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយក្រម​សីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ បន្ទាប់ពីលោក អាង នាង ប្រធានមន្ទីរ កំពុងសម្រាកព្យាបាលជម្ងឺ។

នៅក្នុងពីធីសំណេះសំណាលនោះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ការធ្វើឱ្យ​ប្រជាពល​រដ្ឋកាន់តែមាន​ជំនឿជឿជាក់លើវិស័យ​សុខាភិបាល គឺមន្ទីរសុខាភិបាលខេត្ត ដែលគ្រប់គ្រង​ទៅលើមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវ អប់រំមន្រ្តីរបស់ខ្លួនមួយចំនួនតូច​ដែលមិន​យក​ចិត្តទុកដាក់ ពិនិត្យព្យាល​បាល​​អ្នកជំងឺ ត្រូវកែប្រែ​ឥរិយាបថ​ដោយ​អនុវត្តន៍តាមជំនាញ និងក្រមសីលធម៌​វិជ្ជាជីវៈរបស់គ្រូពេទ្យ ពីកន្លង​មកក្រុមគ្រូពេទ្យខ្លះ មានឥរិយាបទ​មិនសមរម្យ​ទៅ​លើ​អ្នកជំងឺ ជាពិសេស​មន្ទីរពេទ្យមួយ​ចំនួន​ត្រូវ​តែ​កាត់បន្ថយ​ការធ្វើ​ឯកសារផ្សេងៗ ឬទាលុយ​ពីអ្នកជម្ងឺ ដោយត្រូវ​ពិនិត្យ និងព្យាបាលអ្នកជំងឺជាមុន​សិន​ សម្រាប់អ្នកជំងឺ​ដែល​​ត្រូវ​សង្រ្គោះ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ការកែប្រែសកម្មភាពអវិជ្ជមាន​ទាំងអស់នេះនឹងធ្វើឱ្យការថ្នាំង​ថ្នាក់​​របស់​​ប្រជាពលរដ្ឋមក​លើវិស័យសុខាភិបាល​​នៅក្នុងខេត្ត និងថ្នាក់ដឹកនាំ​ខេត្ត កាន់តែ​ត្រូវកាត់បន្ថយ ហើយ​ម៉្យាងទៀត បានធ្វើឱ្យ​ខេត្ត​ប៉ៃលិន ​ជាខេត្តគំរូក្នុងការជួយពិនិត្យ​ព្យាបាល​ជំងឺជូ​ន​ប្រជាពលរដ្ឋបានល្អ​ប្រសើរ។

នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ក៍បានផ្តាំ​ផ្ញើដល់លោក ស្លេះ យូ ប្រធានមន្ទីរស្តីទី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា សហការ ធ្វើការងារតាមជំនាញរបស់ខ្លួនដែលទទួលខុសត្រូវ ​ជាពិសេសត្រូវផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយដល់ប្រជាពលរដ្ឋអំពី​ការរីកចម្រើន និងការ​ផ្តល់សេវ៉ានានា ​លើវិស័យ​សុខាភិបាល ដើម្បីធ្វើយ៉ាង​ណាឱ្យប្រជាពលរដ្ឋដែល​មាន​បញ្ហាសុខភាព​ចូលរួម​ពិគ្រោះពិនិត្យ​ និងព្យាបាល​នៅមន្ទីរ​ពេទ្យរដ្ឋកាន់​តែច្រើនឡើងថែមទៀត៕

បើតាមរបាយការណ៍របស់ លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនស្តីទី បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន ១ និងមណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ នៅស្រុកសាលាក្រៅចំនួន ៣។