អនុគណៈកម្មការចរាចរណ៍ផ្លូវគោកប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបូកសរុបលទ្ធផលការងារចរាចរណ៍ទូទាំងខេត្តប៉ៃលិនត្រីមាស៣ ឆ្នាំ២០១៩


រសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ អនុគណៈកម្មការចរាចរណ៍ផ្លូវគោក បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងបូកសរុបលទ្ធផលការងារចរាចរណ៍ទូទាំងខេត្តប៉ៃលិន ប្រចាំត្រីមាស៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការទី២ និឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោកស្នងការនគរបាលខេត្ត តំណាងនគរបាលចរាចរណ៍ខេត្ត តំណាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ។

ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្នុងរយះពេល ០៩ ខែឆ្នាំ ២០១៩ កន្លងមកនេះ ខេត្តប៉ៃលិន មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣០ករណី, បានបង្កអោយមានរបួស ស្លាប់ និងខូចខាតយាន្តយន្តមានដូចជា៖ ស្លាប់ចំនួន ១៥នាក់ ស្រីចំនួន ០២នាក់, របួសធ្ងន់ ចំនួន ៣១នាក់ ស្រីចំនួន ០៧នាក់ ,របួសស្រាលចំនួន ២៣នាក់ ស្រីចំនួន ០៥នាក់, សរុបរបួសធ្ងន់-ស្រាលមាន ចំនួន ៥៩នាក់ ស្រីចំនួន ១២នាក់, ខូចម៉ូតូចំនួន ៣៧គ្រឿង, រថយន្តចំនួន ២០គ្រឿង, សរុបយានយន្តខូចខាតចំនួន ៥៧គ្រឿង។

ឯកឧត្តម ចេង ញ៉េន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តប៉ៃលិន ភាគច្រើនគឺបណ្តាលមកពីកត្តាមនុស្ស ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ការវ៉ាឬ ជែង ដោយគ្មានសុវត្ថភាព និងការមិនគោរពសិទ្ធអាទិទាពជាដើម ព្រមទាំងមានកត្តាផ្លូវមួយចំនួនទៀតផងដែរ។ ឯកឧត្តមបានបន្តថា៖ កន្លងមក រដ្ឋបាលខេត្ត ក៏ដូចជាអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន មានការយកចិត្តទុកដាក់ខ្ពស់លើការងារទប់ស្កាត់កុំ អោយមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានចុះអប់រំផ្សព្វផ្សាយការយល់ដឹងពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ការចងបដា ពាក្យស្លោក នៅតាមទីសាធារណៈនានា ការផ្សព្វផ្សាយតាមវិទ្យុ​  ទូរទស្សន៍ខ្សែកាបនៅក្នុងខេត្ត ការធ្វើយុទ្ធនាការដើរដង្ហែរក្បួននៅតាមដងផ្លូវ អប់រំផ្សព្វផ្សាយពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា៖​ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស គិតត្រឹមត្រីមាស៣ ឆ្នាំ២០១៩ បានកើតឡើងចំនួន ៣៣៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៤១នាក់ និងរបួសចំនួន ៥៩៨នាក់ ក្នុងនោះមានរបួសធ្ងន់៣៤៥នាក់។ គិតជាមធ្យមក្នុងមួយថ្ងៃមានមុស្សស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ១៩នាក់។ ឯកឧត្តមបានបន្តថា៖ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺ បើកបរលើសល្បឿនកំណត់៣២% ,មិនគោរពសិទ្ធិ២៤%, មិនប្រកាន់ស្តាំ១៦%, បត់៩%, វ៉ាជែង១១%, ស្រវឹង៤% ,កត្តាយានយន្ត៣%, និងងងុយ១%។ ប្រៀបធៀបត្រីមាស៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ៩៨លើក ស្មើ៤១% ។ ឯកឧត្តម បានបន្តថា ក្នុងចំណោមអ្នកស្លាប់ចំនួន១៤១នាក់នោះ  ភាគច្រើនជាអ្នកជិះម៉ូតូ ដែលមានចំនួនសរុប១០៥នាក់ស្មើ ៧៤% ។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏បានបន្តទៀតថា៖ ដើម្បីកាត់បន្ថយជាអតិបរមា បាននូវការគ្រោះថ្នាក់ចរាចរណ៍នេះ អនុគណៈកម្មការចរាចរណ៍ បានដាក់ចេញទិសដៅការងារសម្រាប់ចាប់ពីខែសីហា ឆ្នាំ២០១៩ ដូចជា៖ ១-ពង្រឹងយន្តការដឹកនាំ និងគ្រប់គ្រងការងារសុវត្ថិភាពចរាចរណ៍នៅគ្រប់ថ្នាក់ ពិសេសនៅថ្នាក់រាជធានី-ខេត្ត ,បង្កើនការត្រួតពិនិត្យសភាពការណ៍ និងដាក់ចេញវិធានការថ្មីៗក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់អោយបានទាន់ពេល ពិសេសចំពោះ អ្នកជិះម៉ូតូ រថយន្តដឹកកម្មករ ។ អនុវត្តរបបប្រជុំត្រួតពិនិត្យការងារ និងរបបរាយការណ៍ទៀងទាត់ជាប់ជាប្រចាំ។ ២-បន្តចូលរួមជម្រុញការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយតាមគ្រប់រូបភាព ដោយជ្រើសរើសខ្លឹមសារអប់រំស្របតាមសភាពការណ៍ជាក់ស្តែង និងចាំបាច់ដោយស៊ីជម្រៅលំអិតតាមវ័យ និងតាមមុខសញ្ញារងគ្រោះ ពិសេសចំពោះអ្នកជិះទោចក្រយានយន្ត  អ្នកបើកបររថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ  ទៅតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការចុះផ្សព្វផ្សាយអប់រំដល់សាលារៀន រោងចក្រ សហគមន៍ ភូមិ ឃុំផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន