ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកសាលាក្រៅ ត្រូវបានប្រកាសសមាសភាព ជាផ្លូវការ


ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះ​ជួយមូលដ្ឋានស្រុកសាលា​ក្រៅ ខេត្តប៉ៃលិន ត្រូវបានធ្វើពិធីប្រកាសជាផ្លូវការ ដើម្បីបំពេញរចនាសម្ព័ន្ធនៃក្រុមការងារថ្នាក់ជាតិចុះ​ជួយមូលដ្ឋានខេត្តប៉ៃលិន។ ពិធីប្រកាសនេះធ្វើឡើងក្រោម​​អធិបតីភាព ឯកឧត្តម ហាប់ អូមាលី រដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូល​ដ្ឋាន​ខេត្ត​ប៉ៃលិន  ព្រមទាំងមាន​ការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ចុះ​មូល​ដ្ឋានខេត្តប៉ៃលិន និងលោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក  អភិបាលស្រុក ប្រធានអនុប្រធានមន្ទីរជំនាញ កងកំលាំងគ្រប់លំដាប់ថ្នាក់ និង មេឃុំចៅ​សង្កាត់ ផងដែរ។

លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅបាន​អានសេចក្តីសម្រេចរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ដែលបានសម្រេចបែងចែកតួនាទី ភារៈកិច្ច​ដល់ ឯកឧត្តម ហាប់ អូមាលី រដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាលាក្រៅ និងមាន ឯកឧត្តម ចាន់ សុវឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម កើត មៀច អនុរដ្ឋលេខាក្រសួងសុខាភិបាល ជាអនុប្រធាន ព្រមទាំងមានលោកជំទាវជាអនុរដ្ឋលេខា​ធិការ អគ្គនាយក ទីប្រឹក្សា មកពី បណ្តាក្រសួង ស្ថាប័ននានាជា​សមា​ជិក។

ឯកឧត្តម ហាប់ អូមាលី រដ្ឋលេខាធិការក្រសួងអភិឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុម​​​ការ​ងារថ្នាក់ជាតិចុះជួយមូល​ដ្ឋាន​ខេត្ត​ប៉ៃលិន បានមានប្រសាសន៍ថា៖ ដើម្បីគាំទ្រ និង រួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាកទី០៤, ផែន​ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ, គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសម្រាប់​នីតិកាល​ទី​០៦នៃរដ្ឋសភា ,  រាជរដ្ឋាភិបាលបានសម្រេចបន្ត​ចាត់តាំងក្រុមការងារ​ថ្នាក់ជាតិ ​ដើម្បី​ចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី ខេត្ត សំដៅបន្តអនុវត្ត​កម្មវិធីនយោបាយ ប្រកប​ដោយប្រសិទ្ធិភាពនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ទៅតាមតួនាទី ភារកិ​ច្ច ក្នុង​ការ​លើកកម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រ​ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អោយខិតខំផ្តល់​សេវា, ការអភិវឌ្ឍន៍មូលដ្ឋាន, ការដោះស្រាយបញ្ហានានា​ជូនប្រជាពលរដ្ឋនៅមូល​ដ្ឋាន ​អោយ​បានត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌ មានប្រសិទ្ធិភាព។​ ដូច្នេះសមាជិកក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សហការបង្កើនការដោះស្រាយបញ្ហាប្រឈមរបស់បង​ប្អូនប្រជាពលរដ្ឋទៅតាមតួនាទី ភារៈកិច្ចរបស់ខ្លួន​ ក្នុងឃុំទាំងអស់ក្នុង​ស្រុក​​សាលាក្រៅ អោយ​បានទាន់ពេលវេលា ស្របតាមច្បាប់គតិយុទ្ធ និងគោលនយោ​បាយរបស់រាជរដ្ឋាភិបាល  និងជា​ពិសេស ជំរុញដល់​អាជ្ញាធរ​ឃុំ ភូមិទាំងអស់ត្រូវ​ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយ​បានទាន់​ពេលវេលា និងបន្តគាំទ្រសហការ អនុវត្តផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ អោយមាន​ប្រសិទ្ធិភាព និងអនុវត្តគោលន​យោ​បាយ​​ភូមិឃុំមានសុវត្ថិភាព ដោយខិតខំទប់ស្កាត់​បទល្មើស​ផ្សេងៗដែលកើតមាន​នៅ​តាម​មូលដ្ឋាន មានដូចជា៖ ល្បែងស៊ីសង ចោរលួចចោរ​ប្លន់ គ្រឿងញៀន បញ្ហាទំនាស់ដីធ្លី កាប់​បំផ្លាញ់​ព្រៃឈើធនធានធម្មជាតិ  បញ្ហាកសិផលប្រជាពលរដ្ឋ ជា​ដើម ឆ្លើយ​​តបការ​អនុវត្តកម្ម​វិធីនយោ​បាយ និងយុទ្ធសាស្រ្តចតុកោណដំណាកទី០៤ រួមចំណែក​សម្រេចអោយ​បាន​នូវសមិទ្ធ​​ផលជាច្រើន ជាពិសេសការបង្កើនល្បឿនកំណែទម្រង់អភិ​បាលកិច្ចល្អ ដែលជាស្នូល​នៃយុទ្ធសាស្រ្តចតុកោណ ដោយបានផ្តល់ការលានុវត្ត​ភាពក្នុងការ​ជំរុញការ​អភិវឌ្ឍ​សេដ្ឋ​​កិច្ចសង្គម និងកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន