(03-11-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតខេត្តប៉ៃលិនបានធ្វើពិធីអបអរសាទរបើកបវេសនកាលឆ្នាំ២០១៥-២០១៦ ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទី អភិបាលក្រុង និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិនបានអោយដឹងថា៖ក្នុងឆ្នាំ២០១៤.២០១៥កន្លងទៅមានសាលារៀនទូទាំងខេត្តចំនួន៨៣សាលាថ្នាក់រៀនចំនួន៤៩៩ថ្នាក់សិស្សសរុបចំនួន១៤៧១០នាក់ ស្រីចំនួន៧០១២នាក់ ដែលមិនគិតសិស្សសាលាឯកជនចំនួន១៣ សាលាមានប្រមាណ៣៤០០នាក់ បុគ្គលិកសិក្សាចំនួន៦៨៥នាក់ស្រ្តី២៨០នាក់។ដោយឡែកឆ្នាំសិក្សាថ្មី២០១៥.២០១៦នេះមានសិស្សថ្មីដែលទើបគ្រប់អាយុ៧០ខែ រឺ៦ឆ្នាំបានចុះឈ្មោះចូលរៀនប្រមាណ១២០០នាក់ស្រី៧១៤៥នាក់សាលារៀនចំនួន៨៤សាលា ថ្នាក់រៀនប្រមាណ៥០០ថ្នាក់ ក្នុងនោះសាលាមត្តេយ្យសិក្សាចំនួន២៥សាលានៅជាមួយសាលាបឋមសិក្សា។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានអានសាលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបានគូសបញ្ជាក់ពីអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតសម្រាប់វិស័យសិក្សាអប់រំ នៃព្រះរាជាណាចក្រកម្ពុជាយើងពីព្រោះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥.២០១៦ ដែលជាការបើកទំព័រឆ្នាំសិក្សាថ្មី ផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស និងនិស្សិត ដែលជាកុលបុត្រកុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នាបានបន្តការសិក្សារៀនសូត្រទៅថ្នាក់ខ្ពស់បន្តទៀតនិងជាថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន។ ពេលកន្លងទៅថ្មីៗនេះក្រសួងអប់រំយុវជន និងកីឡាបានដើរតួយ៉ាងសំខាន់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកែទម្រង់ការងាររៀបចំការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ហើយសម្រេចបានលទ្ធផលជាវិជ្ជមានដែលអាចទាក់ទាញមហាជនឱ្យមានការជឿជាក់កាន់តែខ្ពស់ចំពោះវិស័យអប់រំកម្ពុជា។ការផ្តល់ការលើកទឹកចិត្តចំពោះសិស្សពូកែទាំងអស់ ពិសេសសិស្សប្រឡងបញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយទទួលបាននិទេ្ទសAដែលជាការជំរុញលើកទឹកចិត្តមួយចំពោះពួកគេដែលតាមរយៈនេះ សង្ឃឹមថាការប្រឡងបញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំក្រោយៗទៀតនិងមានចំនួនសិស្សប្រឡងបាននិទេ្ទសAកាន់តែច្រើនថែមទៀតដែលជាក់ស្តែងក្នុងឆ្នាំសិក្សា ២០១៤.២០១៥ សិស្សប្រឡងបាននិទេ្ទសAមានចំនួនរហូតដល់១០៨នាក់។ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរទៅក្មួយៗសិស្សានុសិស្សទាំងអស់បើស្រលាញ់ខ្លូន ស្រលាញ់ឪពុកម្តាយនិងស្រលាញ់អនាគតដ៏រុងរឿងគឺត្រូវជៀសវាងអោយឆ្ងាយពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៏អោយបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុវត្ថិភាព រក្សាបាននូវសេចថ្លៃថ្លូរដល់សង្គមជាតិយើងទាំងមូល។លើសពីនេះទៅទៀតឯកឧត្តមស្នើរអោយមាតាបិតាសិស្សទាំងអស់និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមអោយសកម្មក្នុងការជួយអប់រំកូនចៅអោយបានល្អ ទាំងផ្នែកអនាម័យ សុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីបន្តលើកកម្ពស់កិត្តិយសសង្គមជាតិកម្ពុជាស័ក្កិសម ជាប្រជាជាតិមួយដែលមានឈាមជ័របន្តពីសម័យអង្គរដ៏រុងរឿងនៃយើង។
ក្នុងឱកាសនោះដែរឯកឧត្តម ក៏បានចែកជូនសៀវភៅដល់សិស្សានុសិស្សចំនួន២០០០នាក់ក្នុងមួយនាក់ទទួលបានសៀវភៅ១ ក្បាល ប៊ិច១ដើម និងលោកគ្រូអ្នកគ្រូចំនួន១៣៥នាក់ក្នុងមួយនាក់ៗទទួលបានថវិការ២ម៉ឺនរៀលផងដែរ។
[youtube id= “yflhv-Eeh4c”]