(02-11-2015) ប៉ៃលិន៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលាខេត្តប៉ៃលិន មានរៀបចំពិធីប្រកាសចូលកាន់តំណែង នាយខ័ណ្ឌរដ្ឋបាលជលផលប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន។
តាមសេចក្តីប្រកាសលេខ ៥០០ ប្រ.ក របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទស្តីពីការតែងតាំងមន្រ្តីរាជការ បានសំរេចប្រគល់ភារកិច្ចជូនលោក បេង ឆាំ អនុប្រធានខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង អោយបំពេញមុខងារជានាយខ័ណ្ឌរដ្ឋបាលជលផលខេត្តប៉ៃលិន។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅក្នុងខេត្តប៉ៃលិន អាជ្ញាធរខេត្តមិនអនុញ្ញាតិអោយមានស្តង់ត្រីផ្តាច់មុខនោះទេ ដើម្បីទុកឱកាសអោយប្រជាពលរដ្ឋមួយចំនួនអាចប្រកបរបរលក់ត្រីនៅក្នុងទីផ្សារខេត្តប៉ៃលិនបានស្រួលផងដែរ។ ឯកឧត្តមបានបន្តថា នាយខ័ណ្ឌរដ្ឋបាលជលផលថ្មី ត្រូវយកចិត្តទុកដាក់សិក្សាតាមលក្ខណៈបច្ចេកទេសពីសក្កដានុពលនៃការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប នៅក្នុងខេត្តប៉ៃលិន និងបំផុសអោយប្រជាពលរដ្ឋចូលរួមចិញ្ចឹមត្រី និងកង្កែប អោយបានច្រើន សំរាប់បំពេញតម្រូវការម្ហូបអាហារនៅក្នុងខេត្តប៉ៃលិន។ ម្យ៉ាងទៀតក៏ត្រូវ មានកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរពាក់ព័ន្ធ មន្ទីរ អង្គភាពជំនាញទាំងអស់ និងប្រជាពលរដ្ឋផងដែរ ហើយក៏ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អ ទប់ស្កាត់អោយបាននូវបទល្មើសនេសាទគ្រប់ប្រភេទ។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា ខេត្តប៉ៃលិនក៏មានសក្កដានុពលខ្ពស់ផ្នែកជលផលផងដែរ ដោយសារខេត្តប៉ៃលិន មានស្ទឹង មានអូរ និងលទ្ធភាពនៃការចិញ្ចឹមត្រី កង្កែបរបស់ប្រជាពលរដ្ឋក៏មានច្រើនផងដែរ។ ឯកឧត្តមបានបន្តថា នាយខ័ណ្ឌរដ្ឋបាលជលផលថ្មីត្រូវខិតខំសិក្សាស្រាវជ្រាវ និងអភិរក្សអន្លង់ត្រីមួយចំនួននៅក្នុងខេត្តប៉ៃលិន ពិសេសនៅតំបន់ភ្នំកុយ និងត្រូវបំផុសអោយប្រជាពលរដ្ឋចូលរួមចិញ្ចឹមត្រីក្នុងស្រែ អោយបានច្រើន ដោយមន្រ្តីជំនាញផ្តល់ជូនពួកគាត់នូវបច្ចេកទេសអោយបានត្រឹមត្រូវ។ទន្ទឹមនេះរដ្ឋបាលជលផលត្រូវមានកិច្ចសហការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឲ្យបានជិតស្និទ្ធ ដើម្បីទប់ស្កាត់នូវបទល្មើសនេសាទ ដូចបទល្មើសឆក់ត្រីនៅតាមដងអូរ ស្ទឹង និងនៅតាមស្រែកុំអោយកើតមានតទៅទៀត ព្រោះថាកន្លងមកបទល្មើសទាំងនេះតែងតែកើតមានឡើងពីសំណាក់ប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹងដែលធ្វើអោយបាត់បង់មច្ឆាជាតិធម្មជាតិនៅតាមដងអូរ ស្ទឹងជាដើម។
[youtube id= “xt-3RwjKnhc”]