រដ្ឋបាលខេត្តប៉ៃលិនទទួលទេយ្យទានពីព្រះមេគុណខេត្តប៉ៃលិន ដើម្បីបម្រើដល់សកម្មភាព មនុស្សធម៌ក្នុងខេត្តប៉ៃលិន


ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩  ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃគណអភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត និងលោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត បានអញ្ជើញ ប្រគល់-ទទួលនូវ​ទេយ្យទានជា​ស្បៀង​អាហារ គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀតពី​ព្រះគ្រូ​រតន​មុនី អ៊ា សុ​ផន ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន និង​ជា​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី និងព្រះគ្រូព្រហ្មវិរិយញ្ញាណ វែន ចន្ទសុម៉ៃ ព្រះអនុគុណស្រុកសាលាក្រៅ និងជាព្រះគ្រូចៅអធិការវត្តព្រំគិរីមរកត ដើម្បីយកទៅបំរើក្នុង​សកម្មភាព​​មនុស្សធម៌នៅ​ក្នុងខេត្ត​ប៉ៃលិន។​

ពិធីប្រគល់-ទទួលនូវទ័ទាន​នេះ បាន​ធ្វើឡើង​នៅក្នុងវត្តព្រហ្មគិរីមរកត ហៅវត្តព្រំស្ថិតក្នុង​​​​ភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ អាចារ្យ គណៈកម្មាការ​វត្ត តាជី យាយជី ជាច្រើន​ផងដែរនាក់។​

ព្រះគ្រូ ព្រហ្មវិរិយញ្ញាណ វែន ចន្ទសុម៉ៃ ព្រះអនុគុណស្រុកសាលាក្រៅ បាន​សម្តែង​នូវ​ទឹក​ព្រះទ័យ​ជ្រះថ្លា សប្បាយរីករាយក្នុងការបរិច្ចាកនូវធនធានខ្លះៗ ដែលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ មកចូលរួមជាមួយរដ្ឋបាលខេត្តប៉ៃលិន ក្រោម​ការដឹកនាំ​របស់ ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​ខេត្ត​ប៉ៃលិន សម្រាប់បន្តចែកជូន​ដល់​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ក្មេង​កំព្រា ចាស់ជរា​គ្នាន​ទីពឹង នៅក្នុងខេត្តប៉ៃលិន។

​        ​ឯកឧត្ដម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិនបាន​មានប្រសាសន៍ថា៖ ព្រះពុទ្ធសាសនា តាមរយៈព្រះសង្ឃគ្រប់ព្រះអង្គ បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ផ្នែក​ការងារ​មនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងខេត្តប៉ៃលិន។ សកម្មភាពដ៏ថ្លៃថ្លា​របស់​ព្រះសង្ឃគ្រប់ព្រះអង្គនាពេល​នេះ គឺជា​កាយវិការ​​ដ៏​ល្អ​ប្រពៃ ដែល​បានបង្ហាញអោយ​ឃើញ​នូវ​វប្បធម៌នៃ​ការចែករំលែក ដែលជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់របស់​ខ្មែរ​យើង។ឯកឧត្តមបានបន្តថា​៖ ក្រៅអំពីអប់រំប្រជាពុទ្ធបរិស័ទអោយប្រព្រឹត្តនូវអំពើល្អ មានសីលធម៌ គុណធម៌ ចរិយាធម៌ និងមានវសេចក្តីសុខផ្លូវចិត្ត ដែលជាតម្រូវការចាំបាច់ក្នុងការអនុវត្តគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងអោយបន្តរីកចំរើនទៅមុខបន្ថែមទៀត។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៏បានសន្យាថា នឹងនាំយក​ទេយ្យទាន​ទាំងនេះ ទៅ​ចែកបន្តជូន​ដល់ដៃ​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះប្រកបដោយ​តម្លាភាព។

​        សូមបញ្ជាក់ថា ​៖ ទេយ្យទាន​ជា​ស្បៀងអាហារ និង​គ្រឿង​ឧបភោគបរិភោគ ដែល​ព្រះសង្ឃប្រគល់ជូន​រដ្ឋបាល​ខេត្ត​ប៉ៃលិន នាឱកាសនេះរួមមាន ​៖ អង្ករ ២តោន,  ទឹក​សុទ្ធ ៥០យួរ​, បាលឡុង ០៣ឈុតធំៗ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា ៣,៥០០,០០០រៀល។ ក្នុងឱកាសនោះផងដែរថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃគ្រប់អង្គ ក៏បានចែកជូនប្រជាការពារភូមិចំនួន២ភូមិ និងប៉ូលីស ប៉េអឹម  ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០០០០រៀល និងអង្គភាពសាម៉ីមីមួយៗទទួលបានអង្ករ ២ការ៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ី ០១យួរ ទឹកសុទ្ធ ១០យួរផងដែរ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន