អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែរ ចូលវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត


ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ឯកឧត្តម ជា ចាន់ឌិន សមាជិកក្រុមប្រឹក្សាខេត្ត លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាម្ទីរ ស្ថាប័នជំនាញជុំវិញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញបើកការស្ថាបនាផ្លូវបេតុង ១ខ្សែរ ប្រវែង ៣២០ម៉ែត្រ ចូលវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុង អូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការកសាងផ្លូវបេតុងមួយខ្សែនេះឡើង គឺដោយតបតាមសំណូមពររបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីសំរួលដល់ការធ្វើដំណើរចេញ-ចូលក្នុងសាលារបស់សិស្ស ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា មាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត បណ្តាញអគ្គីសនី បណ្តាញទឹកស្អាត ជាដើម ដើម្បីសំរួលដល់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ទាំងនេះគឺបានផ្ទុយស្រឡះពីការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ព្រោះតែមហិច្ឆតាចង់បានអំណាច ហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើងពីការបោះឆ្នោត និងប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួនឯង។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះអោយបានឆាប់រហ័ស ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាអោយការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែនេះ គឺមានប្រវែង ៣២០ម៉ែត្រ ទទឹង ១៦ម៉ែត្រ មានសំណង់ប្រព័ន្ធលូសងខាងផ្លូវ ដែលមានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ ៥៧ រហូតដល់វិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិត្ត ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្តប៉ៃលិន៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន