នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៩ មានរៀបចំបើកវគ្គស្តីពីពង្រឹងការអនុវត្តន៍សេចក្តីសម្រេចកំណត់ហេតុលេខ ២០៦ សស.គក របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ហ៊ែល ចំរើន សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សខេត្តនិងជាប្រធានយុវជនគណបក្សប្រជាជនខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន-អនុប្រធានបក្ស សមាជិកបក្ស ក្រុង-ស្រុក ឃុំ-សង្កាត់ និងយុវជនតាមមន្ទីរអង្គភាពជុំវិញផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណបក្សប្រជាជនខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តប៉ៃលិន ត្រូវបានរៀបចំកែសម្រួលឡើងវិញ និងបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម កែ ប៊ុនខៀង ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងគោលបំណងដើម្បីជាការពង្រឹងបន្ថែមទៀតផ្នែកគោលេជំហរ នយោបាយ សតិអារម្មណ៍និងចាត់តាំង ដល់យុវជនបក្សគ្រប់ថ្នាក់ ក្រុមការងារយុវជនខេត្តអោយកាន់តែរឹងមាំ ជម្រុញការងារក្រុមរបស់យុវជន អោយកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តម ផាន់ ចាន់ធុល បានគូសបញ្ជាក់ថា៖ ចាប់តាំងពីក្រោយពេលប្រកាសទទួលស្គាល់ជាផ្លូវការមក ក្រុមការងារយុវជនគណបក្សខេត្តបានចូលរួមការងារសង្គមនៅតាមមូលដ្ឋានជាមួយថ្នាក់ដឹកនាំបក្សខេត្ត ក្រុងស្រុក ឃុំសង្កាត់ បានយ៉ាងសកម្ម។ ក្រុមការងារយុវជនបក្សខេត្តប៉ៃលិនដំណើរការធ្វើបច្ចុប្បន្នភាពឡើងវិញ នូវរចនាសម្ព័ន្ធយុវជន គណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពពជុំវិញខេត្ត ដែលគិតមកដល់ពេលនេះមានយុវជនគណបក្សមានចំនួន ១១,៧៥៥នាក់ ស្រីមានចំនួន ៦,៤១០នាក់ លើចំនួនយុវជនទូទាំងខេត្តស្មើនឹង ៦១.៤៨ភាគរយ។ ម្យ៉ាងវិញទៀត ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តតួនាទីនិងភារកិច្ចដូចមានចែងតាមសេចក្តីកំណត់លេខ ២០៦ សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងដើម្បីក្រែក្លាយកម្លាំងយុវជនខេត្តប៉ៃលិនយើងជាស្នូលនៃកម្លាំងចលករដ៏រឹងមាំរបស់គណបក្សតាមមូលដ្ឋាននិងទូទាំងប្រទេសកម្ពុជាយើងទាំងមូលផងដែរ ។
ឯកឧត្តម ហ៊ែល ចំរើន សមាជិកយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍ថា៖ កម្មវិធីពង្រឹងការអនុវត្តន៍សេចក្តីសម្រេចកំណត់ហេតុលេខ ២០៦ សស.គក (សេចក្តីសម្រេចគណៈកម្មាធិការកណ្តាល) របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅខេត្តប៉ៃលិននាពេលនេះគឺដើម្បីធ្វើយ៉ាងណាបំផុសចលនាបណ្តុះបណ្តាល និង បញ្ចា្របចំណេះដឹង និងភាពជាគំរូនៃសីលធម៌ សមត្ថភាព សមធម៌ និងសមិទ្ធផលដល់យុវជនគ្រប់មជ្ឈដ្ឋាន លើមាគ៌ាសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានគោលការណ៍នយោបាយរឹងមាំយូរអង្វែង ក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បន្តថា៖ បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ រួមជាមួយការវិឌ្ឍន៍នៃកំណើនសេដ្ឋកិច្ចឆាប់រហ័ស ដែលជាចំណុចដ៏សំខាន់ដែលថ្នាក់ដឹកនាំយុវជន ក៏ដូចជាក្រុមការងារយុវជនទាំងអស់ត្រូវស្វែងយល់អោយបានច្បាស់ពីសមិទ្ធិផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យ៉ាងល្អប្រសើបំផុត ដែលធ្វើអោយយើងទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់ តាមរយៈការបោះឆ្នោតជ្រើសតាំអតំណាងរាស្ត្រឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអសនៈទាំងអស់នៅរដ្ឋសភា និងបន្តទទួលបានអសនៈទាំងអស់នៅព្រឹទ្ធសភាផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ ប៊ុនខៀង ប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានមានប្រសាសន៍លើកឡើងថា៖ ពិធីនាថ្ងៃនេះ នឹងផ្ដល់កាលានុវត្តភាពថ្មីមួយទៀត ដល់យុវជនគណបក្សប្រជាជនកម្ពុជានៅខេត្តប៉ៃលិន ក្នុងការលើកកម្ពស់សមត្ថភាពយល់ដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រោះយុវជនគណបក្សខេត្ត គឺជាកម្លាំងចលករបន្តវេន ប្រកបដោយសមត្ថភាព ភក្តីភាព គុណធម៌ គុណភាព ឆន្ទៈ រឹងមាំ និងមានសាមគ្គីភាពខ្ពស់ ដើម្បីបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស រក្សាបាននូវវប្បធម៌ សន្តិភាព និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ហើយយុទ្ធសាស្ត្រសំខាន់ៗ ដែលក្រុមការងារយុវជនត្រូវតែអនុវត្តន៍រួមមាន ៤ ចំនុចសំខាន់់ៗគឺ៖ ១.បណ្តុះសីលធម៌ សាមគ្គីធម៌ ស្រឡាញ់សន្តិភាព សប្បុរសធម៌ ឆន្ទៈម្ចាស់ការ និងភាពជាគំរូ នៃការបំពេញមុខងារនិងភារកិច្ចរបស់ខ្លួន។ ២.ពង្រឹងសមត្ថភាព និងការយល់ដឹងអំពីមាគ៌ានយោបាយ យុទ្ធសាស្រ្ត បុព្វហេតុជាតិនិងប្រជាពលរដ្ឋ។ ៣.អភិវឌ្ឍសហគ្រិនភាព ផលិតភាព និងជំនាញវិជ្ជាជីវៈ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសមធម៌ និងមិនរើសអើង។ និង ៤.អភិវឌ្ឍកិច្ចសហការ និងកិច្ចសហប្រតិបត្តិការទាំងផ្ទៃក្នុង និងផ្ទៃក្រៅ ជាមួយអង្គការសង្គម ស្ថាប័នជាតិ និងអន្តរជាតិ ។ ឯកឧត្តម បានសង្កត់ធ្ងន់ផងដែរថា៖ បច្ចុប្បន្ន យើងមិនត្រូវធ្វេសប្រហែសនោះឡើយ ព្រោះក្រុមប្រឆាំងដែលដឹកនាំដោយជនក្បត់ជាតិនៅក្រៅប្រទេស នៅតែបន្តការព្យាយាមគ្រប់ពេលវេលាក្នុងគោលបំណង់បំផ្លិចបំផ្លាញកម្ពុជា ដោយមានការគាំទ្រពីបរទេស សារព័ត៌មាន ក៏ដូចអ្នកក្រៅប្រទេសមួយចំនួនផងដែរ ពួកគេបានប្រមាថព្រះមហាក្សត្រ ដែលជាទីគោពរសករៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា ដែលច្បាប់មិនអាចលើកលែងបាន ហើយយុវជនរឺជនណាដែលចូលរួម និងគាំទ្រសកម្មភាពជាមួយក្រុមក្បត់ជាតិទាំងនោះ ជននោះត្រូវតែមានទោស ហើយយើងត្រូវចូលរួមគាំទ្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់យើងជាដាច់ខាត។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំយុវជនគ្រប់ថ្នាក់ ត្រូវដឹកនាំការងារប្រកបដោយសមូហភាព ធ្វើយ៉ាងណាគណបក្សក្រុង ស្រុក ឃុំ សង្កាត់ ត្រូវសហការជាមួយគណបក្សខេត្ត ក្នុងការរៀបចំវគ្គអប់រំនយោបាយ ក៏ដូចជាការងារពង្រឹងគណបក្សនៅតាមមូលដ្ឋាន។ អ្វីដែលសំខាន់នោះគឺ យុវជនគណបក្សមានឆន្ទៈជឿជាក់លើគណបក្ស ការពារផលប្រយោជន៍របស់គណបក្ស និងបោះឆ្នោតជូនគណបក្ស ត្រូវជ្រាបអោយច្បាស់អំពីស្ថានភាពនយោបាយ ល្បិចកលរបស់ពួកប្រឆាំងផងដែរ៕ វួច ពឿន