ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងព្រះសង្ឃទាំង២គណៈ បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្តប៉ៃលិន បន្ទាប់ពីបញ្ចប់បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


ប៉ៃលិន៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងព្រះសង្ឃទាំង២គណៈ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ​បរិភោគ និងនំអន្សម ទៅឧបត្ថម្ភ ដល់អ្នកជាប់ឃុំ ក្នុងពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីបញ្ចប់បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ កន្លងមកយើងធ្វើខុស ទើបយើងមានទោសត្រូវជាប់ឃុំក្នុងពន្ធនាគារ ជាក់ស្តែងដូចជាអ្នកលក់ និងចែកចាយគ្រឿងញៀន គឺធ្វើឱ្យយើងមានបានមែន ប៉ុន្តែទង្វើរបស់យើងនេះ បានធ្វើឲ្យក្រុមគ្រួសារដែលមានកូន មានចៅ និងសមាជិកគ្រួសារសេពគ្រឿងញៀន ជួបនូវភាពវឹកវរ ភាពអន្តរាយក្នុងគ្រួសារ បង្ករអំពើហឹង្សារ អំពើរចោរកម្ម ដែលជាបន្ទុករបស់អាជ្ញាធរ និងរាជរដ្ឋាភិបាលទៀតផង»។ ឯកឧត្តមអភិបាលខេត្តក៍បានផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ នៅពេលចាកចេញពី​ពន្ធនា​គារវិញ ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថាបើយើងធ្វើខុស យើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគត់ជាតិ»។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍កោតសសើរដល់ថ្នាក់​ដឹកនាំពន្ធនាគារ និងមន្ត្រីអនុរក្សពន្ធនាគារទាំងអស់ ដែលបានយកចិត្តទុកដាក់ រៀបចំកែលម្អកន្លែងធ្វើការ ឱ្យមានរបៀបរៀបរយល្អ ជាពិសេសកន្លែងឃុំឃាំង ត្រូវមានសណ្តាប់ធ្នាប់ និងមានសោភ័ណភាព ផាសុខភាព ព្រមទាំងការផ្តល់សេវាបានសមស្រប ជូនមន្រ្តីអនុរក្សក្រោមឱវាទ និងទណ្ឌិតដែលកំពុងជាប់ឃុំ។

បើតាមការបញ្ជាក់របាយរបស់លោកឧត្តមសេនីយ៍ទោ លឹម វាសនា ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្ននៅក្នុងពន្ធនាគារខេត្តប៉ៃលិន មានអ្នកជាប់ឃុំសរុបចំនួន ៣៣៨នាក់ ស្រី២៨នាក់ ក្នុងនោះជនត្រូវចោទ ៦៨នាក់ ស្រី ០៦នាក់ ជនជាប់ចោទ ១៩នាក់ ស្រី ០១នាក់ ពិរុទ្ធជន ៨៨នាក់ ស្រី ០៥នាក់ ទណ្ឌិត ១៦៣នាក់ ស្រី១៦នាក់ ជនបរទេស ០៧នាក់ អនីតិជន ១២នាក់ និងកូនតាមម្តាយ ០២នាក់។