រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយព្រះសង្ឃទាំង២គណៈ បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន


ប៉ៃលិន ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន  រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃទាំង២គណៈ មកពីវត្តនានាក្នុងខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ គ្រឿងឧបភោគបរិភោគ នំអន្សម ​និងថវិកាទៅ​ឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែនកម្ពុជា+ថៃ ភូមិសាស្ត្រខេត្តប៉ៃលិន  នៅចំនុចអូរអែម ទីបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ ៨២១ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់។

លោកឧត្តមសេនីយ៍ត្រី លី​ បួយ ស្នងការរងទទួលបន្ទុក វរៈការពារព្រំដែនលេខ ៨២១ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខេត្តប៉ៃលិន​ទាំង​អស់ ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ជាញឹកញាប់ ហើយ នេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ច​ការពារ​​បូរណៈភាពទឹកដីឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខ​សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់សម្តេចតេជោ សែន បានគិតគូខ្ពស់ដល់កងកម្លាំងប្រដាប់​អាវុធការពារ​ទឹកដីនៅ​តាម​ខ្សែរបន្ទាត់ព្រំដែនជានិច្ច ដោយបានផ្តល់ជាជំរុំជំរក និងជីវភាពរស់នៅប្រចាំថ្ងៃរបស់​កងកម្លាំង​ប្រដាប់​​អាវុធ​គ្រប់ប្រភេទឱ្យកាន់តែប្រសើឡើង។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំខេត្ត និងបងប្អូនប្រជាពលរដ្ឋ ព្រម​ទាំងព្រះសង្ឃ​តែងតែជួយទំនុកបំរុងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាបន្តបន្ទាប់ ហើយជាក់ស្តែងពេលនេះ​ ក្រោយ​​​ពីពីបញ្ចប់​ពិធី​បុណ្ឌកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិរួច មក ថ្នាក់ដឹកនាំខេត្ត​គ្រាប់​ជាន់ថ្នាក់ និង​បង​ប្អូន​ប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃទាំង២គណៈ បានសហការគ្នាចុះសាកសួរសុខទុក្ខ និងនាំយកសំភារៈ​ គ្រឿងឧបភោគបរិភោគ នំអន្សម ព្រមទាំងថវិកា មកឧបត្ថម្ភជូនដល់កងកម្លាំងការពារ​ព្រំដែន​នាថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាពសាមគ្គីភាព និងសិល្បៈចែករំលែក​​ សមរភូមិក្រោយផ្សារ​ភ្ជាប់​សមរភូមិ​មុខ​។ នៅចំពោះមុខកងកម្លាំងប្រដាប់អាវុធនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានជម្រាបជូនអំពីសភាពការណ៍នយោបាយថ្មីៗ ដែលកំពុងកើតមាននៅក្នុងប្រទេស ហើយកុំឱ្យជឿតាមការឃោសនាបោកប្រាស់របស់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ព្រោះតែមហិច្ឆតាចង់បានអំណាច ដែលហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រ ប្រឆាំងជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលកើតឡើង ពីការបោះឆ្នោត និងប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់​អាវុធទាំងអស់​ត្រូវយក​ចិត្តទុក​ដាក់ពង្រឹង​កិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានជិតស្និទ្ធ ដើម្បី​ថែរក្សាការពារសន្តិ​សុខ​​សណ្តាប់​ធ្នាប់​​ជូន​​ប្រជាពលរដ្ឋ និងការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើង​ឱ្យបានគង់​វង្ស ជា​ពិសេស​សូមកងកម្លាំងទាំងអស់ថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើត​ជម្ងឺ​ដម្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា៖ អំណោយដែលបានយកទៅឧបត្ថម្ភដល់កងកម្លាំងនាពេលនោះ រួមមាន៖ អង្ករ ៣០ការុង មី ៦៥កេះ ទឹកសុទ្ធ ១៥០យួរ ទឹកស៊ីអ៊ីវ ៤១យួ ទឹកត្រី ៤៧យួ ភេសជ្ជៈ ២០កេះ ត្រីខ​ ២០កេះ នំបញ្ចុក ១០០គីឡូ និងនំអន្សម ១តោន ព្រមទាំងឧបត្ថម្ភថវិកាដល់អង្គភាព ចំនួន ២,៥០០,០០០រៀល ក្នុងនោះកងកម្លាំងចំនួន ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕