ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយការបើកការិយាល័យ បោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តប៉ៃលិន


ប៉ៃលិន៖ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ផាន់ ចាន់ធុល អភិបាល​ខេត្តប៉ៃលិន បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ការបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើស​សមាជិក​​ជ្រើសតាំង សភាពាណិជ្ជកម្មខេត្តប៉ៃលិន អាណត្តិទី១ លើកទី១ ដើម្បីជំរុញឲ្យចរន្តពាណិជ្ជកម្មខេត្ត​ប៉ៃលិន កាន់តែមានសន្ទុះកើនឡើង ក៏ដូចជា សហការជាមួយបណ្តាខេត្តនានាទូទាំងប្រទេស ដែលផ្តល់នូវ​អត្ថប្រយោជន៍ជាច្រើន ក្រោយសភាពាណិជ្ជកម្មខេត្ត ត្រូវបានបង្កើតឡើងផងដែរ។

កិច្ចប្រជុំដ៏មានសារសំខាន់ វិស័យពាណិជ្ជកម្មក្នុងខេត្តប៉ៃលិននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំធំ សាលាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ បេក្ខភាពឈរ​ឈ្មោះ ម្ចាស់ក្រុមហ៊ុន ម្ចាស់សហភាគ្រាសដែលកំពុងមានប្រតិបត្តិការក្នុងខេត្ត និងថ្នាក់ដឹកនាំ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកបង្ហាញពី GDP របស់ប្រជាពលរដ្ឋ ដែលមាន​កំណើន​​គួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយ GDP ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសស្ថានភាព ទំហំ​ពាណិជ្ជកម្មក្នុងខេត្ត ដែលផ្តល់ភាពងាយស្រួលច្រើន សម្រាប់ការចរាចរ ព្រោះខេត្តប៉ៃលិន មានព្រំដែនជាប់​ប្រទេស​ជិតខាង មានច្រកអន្តរជាតិ ដែលធ្វើឲ្យមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រស័យ ស្របទៅនឹងស្ថានភាព​ខេត្តនេះ ពោរពេញទៅដោយសក្តានុពល លើវិស័យកសិកម្ម និងកសិឧស្សាហកម្មខ្ពស់ផងដែរ។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ចព្រះរាជានាចក្រកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនគ្រប់វិស័យ ជាពិសេសនៅតាមបណ្ដាលរាជធានី-ខេត្ត ទូទាំងប្រទេស បានធ្វើឲ្យខេត្តមួយចំនួន ដូចជា៖ ខេត្តប៉ៃលិនជាដើម មានលទ្ធភាពអាចបង្កើតសភាពាណិជ្ជកម្មខេត្តដោយឡែករបស់ខ្លួន ដោយមិនស្ថិតក្នុងសភាពាណិជ្ជកម្មមណ្ឌលខេត្តបាត់ដំបងទៀតនោះទេ។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្ឃឹមយ៉ាងមុតមាំថា៖ ក្រោយសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានបោះឆ្នោតរួច ពិតជាជួយសម្រួលទំហំពាណិជ្ជកម្មក្នុងខេត្ត កាន់តែមានសន្ទុះទ្វេរឡើង ដែលផ្តល់លក្ខណ:ងាយស្រួល ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ក៏ដូចជាប្រជាពលរដ្ឋ ពិសេសក្នុងគោលបំណងធំលើការសម្រួលកម្រិតជីវភាពប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសឲ្យកាន់តែប្រសើរ ឡើងថែមមួយកម្រិតទៀតផងដែរ។

សូមបញ្ជាក់ថា៖ ចំពោះសមាសភាពអ្នកចូលរួមបោះឆ្នោតសភាពាណិជ្ជកម្ម ត្រូវតែជាអាជីវករ និងសេវាករ មានអាយុចាប់ពី១៨ ឆ្នាំឡើង ដោយភ្ជាប់ឯកសារមកជាមួយរួមមាន៖ ១-លិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬ ប័ណ្ណប៉ាតង់ឆ្នាំ ២០១៥ កន្លងមក ឬអាជ្ញាប័ន ឬ វិញ្ញាបនប័តអាជីវកម្ម ២-មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដោយឡែក ចំពោះបេក្ខជនឈឈ្មោះបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្ត មិនមែនជាមន្ត្រីរាជការ ត្រូវជាអាជីវករ ពាណិជ្ជករ សេវាករ មានអាយុចាប់ពី ២៥ ឆ្នាំឡើង មានសញ្ជាតិខ្មែរ ជាម្ចាស់ក្រុមហ៊ុនធំៗ ដែលបានចុះបញ្ជីពាណិជ្ជកម្មហើយ ដោយមានឯកសារយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន វិញ្ញាបនប័ត្រចុះបញ្ជី៕