អជ្ញាធរខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩


ថ្ងៃ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេព​និម្មិត្ត​ប៉ៃលិន ស្ថិតក្នុងភូមិអុរពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការចូលរួមពីពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោក- លោកស្រី អភិបាល-អភិបាលរងក្រុង/ស្រុក អាជ្ញាធរមូលដ្ឋាន វិស័យអប់រំឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន៣២៨នាក់។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ នៅឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធទិវាអក្ខរកម្មជាតិក្រោមប្រធានបទ “អក្ខរកម្មផ្សារភ្ជាប់នឹងជំនាញមុខរបរ” ដែលទស្សនទាននៃប្រធាន​បទនេះ មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរដល់ឱកាសសម្រាប់យុវជនទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញមុខរបរ និងនវានុវត្តន៍គ្រប់ផ្នែក ជាពិសេសអក្ខរកម្មបច្ចេកវិទ្យាដែលសព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានមាន​ប្រសាសន៍បន្តថា៖ អក្ខរកម្មគឺផ្សារភ្ជាប់នឹងជំនាញមុខរបរ ដែលជាចក្ខុវិស័យអភិវឌ្ឍប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់់មធ្យោបាយប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងសុខដុមជីវិតបុគ្គល និងសង្គម។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ តាម​រយៈសារ​លិខិត​ចុះ​ថ្ងៃទី១៩ សីហា ឆ្នាំ​២០១៩, សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី បានអំពាវនាវ​​ទៅ​កាន់​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ឲ្យ​មាន​ការ​ចូល​រួម​បន្ត​លើក​កម្ពស់​ការងារ​អក្ខរកម្ម​នៅ​កម្ពុជា​ ​ក្នុង​នោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​ប្រធាន​រោងចក្រ សហ​គ្រាស និង​ក្រុម​ហ៊ុន​ឯក​ជន ជួយ​ជំរុញ​ការ​បើក​ថ្នាក់​អក្ខរកម្ម​គួបផ្សំ​នឹង​ថ្នាក់​បំប៉ន​មុខ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ដល់​កម្មករ កម្មការិនី​។

បើតាមរបាយការណ៍របស់លោក ជា អិត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យ​ដឹងថា៖ ខេត្តប៉ៃលិន  មានប្រជាជនសរុបចំនួន ៦៩០៩៦នាក់ ស្រី ៣៤៤៦៨នាក់ ក្នុងនោះ អនក្ខរជន ចាប់ពី​អាយុ ១៥ឆ្នាំ ដល់ ៤៥ឆ្នាំ មានចំនួន ២៤៤១នាក់ ស្រី ១១៥៤នាក់ ហើយអនុវិស័យអប់រំក្រៅប្រព័ន្ធរបស់មន្ទីរ​អប់រំ យុវជន និងកីឡាខេត្ត បានអនុវត្តលើកម្មវិធីចំនួន ៥ គឺ ១-កម្មវិធីសមមូលបឋមសិក្សា ២-កម្មវិធីក្រោយ​អក្ខរកម្ម ៣-មជ្ឈមណ្ឌលសិក្សាសហគមន៍ ៤-កម្មវិធីចូលរៀនឡើងវិញ និង៥-កម្មវិធីអក្ខរកម្មវិជ្ចាជីវៈ ដោយ​មានសិស្សសរុបចំនួន ១២៦៥ ស្រី ៧៥២នាក់៕ ពិនិត្យ កែសម្រួល៖ វួច ពឿន