លោកជំទាវ ជា លាភ នាំយកថវិកាអង្ករនិងគ្រឿង ឧបភោគបរិភោគមួយចំនួនទៅឧបត្ថម្ភជូនដល់ទីបញ្ជាការ ផ្នែកសឹក រងក្រុងប៉ៃលិន


​(29-10-2015) ប៉ៃលិន៖ ថ្ងៃ​ទី២៩​ ខែតុលា​ ឆ្នាំ​២០​១៥​ លោក​ជំទាវ​ ជា​ លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ ​ព្រះ​គ្រូ ​ក្តៀង​ សារ៉ាត់​ ព្រះ​សមុ​គណ​ខេត្ត​ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​រតន​សោ​ភ័ណ ​ហៅ ​វត្ត​កោង​កាង​ លោក​ សំ ​សាវឿន ​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា ​លោក​ស្រី​សោ​ មុន្នី​រ័ត្ន​ ប្រធាន​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ ​លោក​ស្រី​សាន់ ​សា​វឿន ​ស្នង​ការ​រង​នគរ​បាល​ខេត្ត ​លោក​ស្រី​ គង់ ​សុភ័គ្រ​ បាន​នាំ​យក​នូវ​ថវិកា ​អង្ករ​ គ្រឿង​ឧប​ភោគ ​បរិភោគ​មួយ​ចំនួន ​ទៅ​ឧបត្ថម្ភ​ជូន​ដល់​ទី​បញ្ជា​ការ​ផ្នែក​សឹក​រង​ក្រុង​ប៉ៃលិន​។​

​ថវិកា ​គ្រឿង​ឧប​ភោគ​ បរិ​ភោគ​ដែល​បាន​យក​ទៅ​ឧបត្ថម្ភ​ដល់​ទី​បញ្ជា​ការ​ផ្នែក​សឹក​រង​ក្រុង​ប៉ៃលិន​នា​ពេល​នោះ ​ មួយ​ចំនួន​ធំ​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​ព្រះ​គ្រូ ​ក្តៀង​ សារ៉ាត់​ ព្រះ​សមុ​គណ​ខេត្ត​ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​រតន​សោភ័ណ​ ហៅ ​វត្ត​កោង​កាង​ ដែល​ក្នុង​នោះ​រួម​មាន​ អង្ករ​ចំនួន​៥ការ៉ុង ​ មី​១០កេះ ​ទឹកត្រី​​១៧យួរ​  ទឹក​ស៊ីអ៊ីវ​៦យួរ​ ទឹក​ដោះគោ​ ២៨កំប៉ុង​  ទឹក​សុទ្ធ​១០យួរ​ ទឹក​ក្រូច​ដប​ធំ១​យួរ ​ ស្ករស​១៤​គីឡូ​ក្រាម​ និង​ ថវិកា​ចំនួន​២០ម៉ឺន​រៀល ​ព្រម​ទាំង​ផ្តល់​ថវិកា​ជូន​ដល់​ពល​ទាហាន​ចំនួន​១៧​នាក់ ​ម្នាក់​ៗ​ចំនួន​១០០០០​រៀល​ផង​ដែរ​។ ​

​លោក ​ជំទាវ​ ជា​ លាភ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រ​សាសន៍​ថា​ អំណោយ​ទាំង​នេះ​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​ព្រះ​សង្ឃ ​លោក​អាចារ្យ​គណ​កម្មា​ការ​វត្ត​រតន​សោភ័ណ ​ហៅ​វត្ត​កោង​កាង​ ដែល​ព្រះ​អង្គ​ បាន​យក​ចំណែក​ខ្លះ​ពី​ការ​ធ្វើ​បុណ្យ​ទាន​របស់​ពុទ្ធ​បរិស័ទ​ មក​ចែក​រំលែក​ជូន​ដល់​វរៈ​កង​ទ័ព​នៅ​ទី​បញ្ជា​ការ​ផ្នែក​សឹក​រង​ក្រុង​ប៉ៃលិន​នា​ពេល​នេះ​។​ ​លោក​ជំទាវ​បាន​បន្ត​ថា ​ជា​ការ​ពិត​វត្ត​រតន​សោភ័ណ ​មាន​ព្រះ​សង្ឃ​គង់​នៅ​ច្រើន​ ហើយ​តម្រូវ​ការ​ចង្ហាន់​សំរាប់​ព្រះ​សង្ឃ​ក៏មាន​ចំនួន​ច្រើន ​ដែល​ជា​បន្ទុក​ដោះ​ស្រាយ​របស់​ព្រះ​គ្រូ​ចៅ​អធិ​ការ​វត្ត​ ។​ ​ក៏​ប៉ុន្តែ​ដោយ​ទឹក​ចិត្ត​សប្បុ​រស់ ​ព្រះ​ទ័យ​ចែក​រំលែក​របស់​ព្រះ​គ្រូ​ចៅ​អធិ​កា​វត្ត​ ទើប​មាន​ការ​បរិច្ចាក​នូវ​ធន​ធាន​ខ្លះ​ៗ​សំរាប់​មក​ឧបត្ថម្ភ​ដល់​វីរៈ​កង​ទ័ព​នា​ពេល​នេះ​។​

​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក​ជំទាវ​ ជា​ លាភ​ និង​ក្រុម​ការងារ​ក៏​បាន​បន្ត​ដំណើរ​យក​អង្ករ​ ចំនួន​ ៥០​គីឡូ​ក្រាម​ មីមួយ​កេះ ​ត្រីខ​១យួរ ​ ទឹកត្រី​១យួរ​  ទឹក​ស៊ីអ៊ីវ​១យួរ​  ទឹក​សុទ្ធ​១យួរ ​ប្រេង​ឆា​ ១ដប​  ស្ករស​១គីឡូ​ក្រាម​  ទឹក​ដោះ​គោ​២កំប៉ុង ​ទៅ​ផ្តល់​ជូន​ដល់​គ្រួសារ​អ្នក​មីង​ យ៉ម​ សំ​ ដែល​មាន​ជីវ​ភាព​ក្រីក្រ​ និង​ពិការ​រស់​នៅ​ភូមិ​ អូរ​ឬស្សី​លើ ​ក្នុង​ឃុំ​អូរ​អណ្តូង​  និង​បាន​បន្ត​យក​ថវិការ​ចំនួន​១២​ម៉ឺន​រៀល ​ទៅ​ផ្តល់​ជូន​ និង​សួរ​សុខ​ទុក្ខ​ដល់​គ្រួសារ​លោក​តា ​ដឹម​ ឆម​ អាយុ​៦៦​ឆ្នាំ ​ដែល​មាន​ជំងឺ​ជា​ទំងន់ ​ រស់​នៅ​ភូមិ​ បឹង​ត្រកួន​ ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​លោក​ ជំទាវ​ ជា​ លាភ​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ខេត្ត​ ពិសេស​ឯក​ឧត្តម​ ​កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ តែង​តែ​គិត​គូ​ ពី​សុខ​ទុក្ខ​ និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ពល​រដ្ឋ​ ដោយ​មិន​ប្រ​កាន់​និន្នា​ការ​គណ​បក្ស​នយោ​បាយ​អ្វី​ឡើយ​។​ ​ទី​ណា​មាន​ទុក្ខ​លំបាក​ ឯក​ឧត្តម​តែង​តែ​ណែ​នាំ​អោយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​នូវ​អំណោយ​ខ្លះ​ៗ​សំរាប់​ជួយ​សំរួល​ដល់​ការ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​យើង​។​ លោក​ជំទាវ​បាន​បន្ត​ថា​ កន្លង​មក​ក្រុម​ការងារ​ក៏​បាន​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​បាន​ច្រើន​គ្រួសារ​មក​ហើយ​ដែរ​  ទោះ​ថា​អំណោយ​ទាំង​នោះ​មាន​ចំនួន​តិច​តួច​ តែ​ជា​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ ដែល​បាន​ចែក​រំលែក​ ជួយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ ត្រូវ​ខិត​ខំ​ធ្វើ​ការងារ​ បង្ក​បង្កើន​ផល​ដំណាំ​គ្រប់​ប្រភេទ​សំរាប់​លើក​ស្ទួយ​ដល់​ជីវ​ភាព​ក្រុម​គ្រួសារ​អោយ​រីក​ចំរើន​ឡើង​៕​

cpp-29-10-2015-001 cpp-29-10-2015-002 cpp-29-10-2015-003 cpp-29-10-2015-004 cpp-29-10-2015-005 cpp-29-10-2015-006

[youtube id= “nofU7xQgYlY”]