ប្រជាពលរដ្ឋ ទីទាល់ក្រចំនួន ៥៣គ្រួសារ ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន


ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត រួមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥៣គ្រួសារ ក្នុងសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អំណោយដែលបានយកទៅចែកជូនដល់ប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាល អង្ករ២៥គីឡូក្រាម និងមីមួយកេះ។

ឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការចែក​អំណោយនា​ពេល​នេះ គឺដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើង តែគ្រាន់បានមួយផ្នែកតូចប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺ បងប្អូនត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងក្នុងការប្រកបរបរចិញ្ចឹមជីវិត ពិសេសលើការដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វជាដើម ហើយក៏ត្រូវធ្វើដោយមានបច្ចេកទេស និងយល់ដឹងពីបញ្ហាទឹកភ្លៀង ព្រោះការធ្វើដោយការងងឹតងងល់ ធ្វើតាមទម្លាប់ គឺអាចមានហានិភ័យច្រើនដល់ផលដំណាំរបស់យើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាង អភិវឌ្ឍន៏ហេដ្ឋា​រចនាសម្ព័នលើគ្រប់វិស័យ ពិសេសវិស័យផ្លូវថ្នល់ដែលជាសសៃឈាមសេដ្ឋកិច្ចរបស់យើង។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាព និងសុវត្ថិភាព​ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្ក​គ្រោះ​ថ្នាក់។ ម្យ៉ាងទៀត បើបងប្អូនមានជួបបញ្ហាគ្រោះមហន្តរាយអ្វីកើតឡើង ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែល​នៅជិតជា​មួយបងប្អូនផ្ទាល់ ដើម្បីជួយដោះស្រាយជូនបងប្អូនបានទាន់​ពេលវេលា។

សូមបញ្ជាក់ថា៖ ក្រៅពីការឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥៣គ្រួសារ ក្នុងនោះ​ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ចំនួន ៣៨គ្រួសារ និងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ចំនួន ១៥គ្រួសារ។ ឯកឧត្តមអភិបាលក៍បានដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្តល់អណ្តូងស្នប់ទឹកស្អាតចំនួន១ និងឯកសណ្ឋានប្រជាការពារភូមិចំនួន ១០កំផ្លេរផងដែរ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន