ឯកឧត្តម ផាន់ ចាន់ធុល ប្រកាសផ្តល់ម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង ដល់សិស្សដែលអាចប្រឡងជាប់និទ្ទេស A


ក្នុងឱកាសអញ្ជើញចុះសំណេះសំណាល និងពិសារអាហារសាមគ្គី ស្វែងរកមូលនិធិទ្រទ្រង់សាលា នៅវិទ្យាល័យហ៊ុនសែនសាលាក្រៅ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្សដែលត្រៀមប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសំរាប់ឆ្នាំសិក្សា ២០១៨-២០១៩, នាថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានសន្យាផ្តល់ម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង ដែលជារង្វាន់លើកទឹកចិត្ត ដល់សិស្សដែលអាចប្រឡង   ដណ្តើមយកបាននិទ្ទេស A។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ពិសេសនៅក្នុងខេត្តប៉ៃលិននេះ មានលោកជំទាវបានស្រី មុំ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃក្នុងការឧបត្ថម្ភគាំទ្រឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានណែនាំពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា រៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងទទួលភាពជោគជ័យក្នុងការប្រលងនាពេលខាងមុខ។

សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដោយខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល មានមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន៕ ពិនិត្យ កែសម្រួល៖ វួច ពឿន