ក្រសួងសេដ្ឋកិច្ចប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានរតនាគារ១រូប និងអនុប្រធានរតនាគារ១រូប ក្នុងខេត្តប៉ៃលិន


ប៉ៃលិន៖ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានរតនាគារ១រូប និងអនុប្រធានរតនាគារ១រូប ក្នុងខេត្តប៉ៃលិនព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីអភិបាល​ក្រុង/ស្រុក ប្រធានអនុប្រធានមន្ទីរជំនាញជុំវិញខេត្ត មេឃុំចៅសង្កាត់ផងដែរ។

បើតាមប្រកាសផ្ទេរភារកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ៦៩១ លហវ ប្រ.ក ប្រការ១/ត្រូវបានតែងតាំង លោក ហៀង សុងហួត បច្ចុប្បន្ន អនុប្រធាន​នាយក​ដ្ឋានរដ្ឋបាល​និង​បុគ្គលិក ជាប្រធានរតនាគារខេត្តប៉ៃលិន ជំនួសលោកសុទ្ធឃុន ថាលដែលចូលនិវត្តន៍ ។២/លោកណេង ករុណា បច្ចុប្បន្ន អនុប្រធានលេខាធិការដ្ឋាន ជាអនុប្រធានរតនាគារ​ខេត្តប៉ៃលិន។

បន្ទាប់ពីទទួលបានអនុក្រឹត្យតែងតាំងមុខតំណែងថ្មីពីឯកឧត្តមផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមក លោក ហៀង សុងហួត ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាអនុវត្តន៍ ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចុះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេសប្ដេជ្ញា​គោរព​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ផាន់ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ ការ​ផ្លាស់ប្ដូរ ឬ​តែងតាំង សម្រួល​ភារកិច្ច​គឺជា​ធម្មតា​សម្រាប់​ក្រប​ខណ្ឌ​មន្ត្រីរាជការ របស់​រាជរដ្ឋាភិបាល​ ទៅតាម​គុណបំណាច់​ និង​ស្នាដៃ​ក្នុងការបម្រើជាតិ និងប្រជាជននាពេលកន្លងមក ដូច្នេះឯកឧត្តមសង្ឃឹមថា​​​ក្រោយ​​​​​​ពីការតែងតាំងប្រធានរតនាគារ និងអនុប្រធាន​រតនាគារថ្មី នឹង​មាន​រចនា​​​​​សម្ព័ន្ធ​ថ្នាក់ដឹកនាំគ្រប់គ្រាន់ ដែលអាច​មាន​លទ្ធ​ភាពបំពេញការងារ​បំរើប្រជាពលរដ្ឋ​អោយបានកាន់តែល្អប្រសើរ និងទាន់​ពេលវេលា តាមសេចក្តីត្រូវការរបស់បង​ប្អូនប្រ​ជាពល​​​រដ្ឋ​​​​ស្រប​តាមគោលនយោបាយ​របស់រាជ​រដ្ឋា​ភិបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារៈកិច្ចថ្មី សហការជាមួយអង្គភាពនានា សំដៅបំពេញកិច្ចបម្រើជាតិ និងប្រជាជន​អោយទទួល​បានជោគ​ជ័យ​ថ្មីៗ និងមានការអភិវឌ្ឍន៏លើគ្រប់​វិស័យក្នុង​ខេត្តប៉ៃលិនអោយបានជាបន្តបន្ទាប់។

ឯកឧត្តមផាន់ ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រ​សាសន៍ថា៖ណែនាំដល់ប្រធានរតនាគារខេត្ដប៉ៃលិនដែលទើបតែងតាំងថ្មី ត្រូវពង្រឹងសមត្ថភាព​​និងបង្កើតធនធាន​អោយមាន​ជំនេះ​ជំនាញ​ក្នុងអង្គភាពរបស់ខ្លួន​ប្រកបដោយ​គុណភាព ដើម្បីអនុវត្តការងារអោយទទួលបានជោគជ័យ ជាពិសេសត្រូវពង្រឹង​សាមគ្គី​ភាពផ្ទៃក្នុង និងប្រមូលផ្តុំមន្ត្រី ក្រោមឱវាទមកធ្វើការងារជាសមូហភាពរួមគ្នាការងារហើយ​ត្រូវសហការល្អ ជាមួយមន្ទីរជុំវិញខេត្ត និងគ្រប់បណ្តាស្រុកនៅក្នុងខេត្ដ ព្រោះថាការ​ពង្រឹង​សមត្ថភាពនេះហើយដែលធ្វើអោយយើងនិងអង្គភាព មានការរីក​ចំរើន ជាពិសេសចូលរួមអភិវឌ្ឍន៍ខេត្ត និងប្រទេសជាតិទាំងមូល ។ដូច្នេះហើយថ្នាក់ដឹកនាំ និងមន្រ្តីនៃរតនាគារខេត្ត​ប៉ៃលិនត្រូវខិតខំ​សិក្សា​រៀន​សូត្រអោយបានម៉ាត់ចត់ ដើម្បី​អនុវត្តប្រតិបត្តិការចំណូល-ចំណាយទាំងអស់​តាមរយៈ​ប្រព័ន្ធព័ត៌មានវិទ្យា FMIS ការបង់ចំណូលចូលគណនីប្រាក់បញ្ញើរបស់រតនាគារ​ខេត្តនៅ​ធនា​គានានាក្នុងខេត្ត ហើយត្រូវ​ខិតខំទូទាត់ចំណាយ​រតនាគាខេត្តជាមូលប្បទាន​ប័ត្របើក​ប្រាក់ទាន់ពេលវេលាជូន​អតិថិជន​និងមន្រ្តីរាជការម្នាក់ៗដែលមានគណនីនៅធានារការណាឌីយ៉ា និងធានា​គារអេស៊ីលីដាតែម្តង ជាពិសេសត្រូវរៀបចំរបាយការណ៍ចំណូល ចំណាយនិងតារាងតុល្យ​ភាពថវិការថ្នាក់ជាតិ និងថវិការថ្នាក់ក្រោមជាតិប្រចាំខែ និង​ប្រចាំ​ឆ្នាំ​​អោយ​បានទាន់​ពេលវេលា។ទន្ទឹមនឹងនេះឯកឧត្តម​ក៍បានជំរុញដល់ប្រធានថ្មីត្រូវ​បន្ត​អនុវត្តអភិក្រម០៤ ប្រការដែល​ជា​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមអគ្គ​បណ្ឌិត​​សភាចារ្យឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺ ១/អនុវត្ត​ការងារ​ប្រកដោយវិជ្ជាជីវៈ និងក្រមសីល​ធម៌វិជ្ជាជីវៈ។ ​ទី២/អនុវត្តការងារ​ជាក្រុម។ ទី៣/​អនុវត្តការងារ​ដោយប្រកាន់​ខ្ជាប់ស្មារតីយុរេសកម្ម។ ទី៤/មិន​ត្រូវមើលរំលងកំហុង​របស់ខ្លួនឯង៕ វួច ពឿន