ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរសុខាភិបាលខេត្តប៉ៃលិនសហការជាមួយអង្គការដៃគូ បានបើកកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ ២០១៩ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្ត លោកស្រីវេជ្ជបណ្ឌិត ប៊ូខេង ថាវរិន នាយករងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ប៉ារ៉ាស៊ីតប៉ាណកសាស្ត្រ នៃក្រសួងសុខាភិបាល លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអស់លោក-លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកមេឃុំ-ចៅសង្កាត់ និងអង្គការជាដៃគូផងដែរ។
ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះជំងឺគ្រុនចាញ់នៅខេត្តប៉ៃលិនមានការថយចុះគួអោយកត់សំគាល់ តែជម្ងឺគ្រុនឈាម ហាក់មានការកើនឡើងធ្វើអោយអាជ្ញាធរខេត្តមានការព្រួយបារម្មណ៍ចំពោះសុខភាពប្រជាពលរដ្ឋ ដែលបញ្ហានេះមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវសហការគ្នាទប់ស្កាត់អោយបានទាន់ពេលវេលា ដោយណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយល់ដឹងពីវិធីការពារកុំអោយកើតជម្ងឺគ្រុនឈាម។ ឯកឧត្ដមបានបន្តថា ជម្ងឺគ្រុនចាញ់គឺកើតឡើងភាគច្រើនទៅលើបងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុកមករកស៊ីនៅក្នុងព្រៃ មិនប្រុងប្រយ័ត្នពេលសំរាកមិនបានចងមុងបណ្តាលអោយមូសដែកគោលខាំ។ ឯកឧត្ដម ក៏បានសំណូមពរដល់មន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់សហការជាមួយមន្ត្រីពាក់ព័ន្ធអង្គការដៃគូ អ្នកស្ម័ក្រចិត្តភូមិ និងអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយ អំពីវិធីការពារជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដូចជាកំចាត់ជម្រកមូសខ្លា នៅក្នុងសំបកកំប៉ុង សំបកកង់ឡាន និងដាក់ថ្នាំអាប៊ែតក្នុងពាងទឹកជាដើម។ដូច្នេះ តាមរយៈកិច្ចប្រជុំក្រុមការងារពិសេសលប់បំបាត់ជម្ងឺគ្រុនចាញ់ពេលនេះពិតជាបានផ្តល់នូវគំនិតមតិយោបល់ល្អៗពីសមា ជិកប្រជុំសម្រាប់លប់បំបាត់ជម្ងឺគ្រុនចាញ់អោយអស់នៅខេត្តប៉ៃលិនស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបសរាជរដ្ឋាភិបាលកម្ពុជាក្នុងការលប់បំបាត់ជម្ងឺគ្រុនចាញ់អោយនៅកំរិតសូន្យនៅឆ្នាំ២០២៥ខាងមុខ។ទន្ទឹមនេះក្រុមការងារពិសេសត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលដែលសង្ស័យថា មានជំងឺគ្រុនចាញ់ ឫគ្រុនក្ដៅត្រូវទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ជាបន្ទាន់ មិនត្រូវទៅព្យាបាលពេទ្យឯកជនឡើយ។
លោកស្រីវេជ្ជបណ្ឌិត ប៊ូខេង ថាវរីន នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត ប៉ាណកសាស្ត្រ បានធ្វើបទបង្ហាញពីសភាពការវិវត្តនៃជម្ងឺគ្រុនចាញ់នៅទូទាំងប្រទេសកម្ពុជាមានការថយចុះ និងមានការផ្ទុះឡើងនៃជម្ងឺគ្រុនឈាមមានការកើនឡើងគួរអោយព្រួយបារម្មណ៍។ ជាក់ស្តែងអត្រានៃករណីជម្ងឺគ្រុនចាញ់នៅទូទាំងប្រទេសគិតត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ មានការថយចុះចំនួន ៣៨ភាគរយ ដោយឡែកខេត្តប៉ៃលិនជម្ងឺគ្រុនចាញ់មានការថយចុះ គួរអោយកត់សម្គាល់ តែសម្រាប់ជម្ងឺគ្រុនឈាមវិញមានការកើនឡើង ដែលបញ្ហានេះដែលថ្នាក់ដឹកនាំខេត្ត មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទប់ស្កាត់ដើម្បីអោយ សហគមន៍យើងគ្មានអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់និងជម្ងឺគ្រុន ឈាម។
បើតាមរបាយការណ៍របស់លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ សម្រាប់ប្រជាជនខេត្តប៉ៃលិនយើងទាំងមូលមានប្រជាជនសរុបចំនួន ៦៧,៦០១នាក់ ហើយមានស្រុកចំនួន ០២ និងភូមិចំនួន ៩៦ភូមិ ហើយគិតត្រឹមឆមាសទី១ ឆ្នាំ២០១៩នេះ ជំងឺគ្រុនចាញ់នៅខេត្តប៉ៃលិន មានការកើតឡើងចំនួន១៩ករណី តែគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ ហើយករណីអ្នកកើតជម្ងឺគ្រុនឈាមមានចំនួន ៤២៩កណី។ ទាក់ទងនឹងបញ្ហាជំងឺគ្រុនចាញ់ និងវិធីសាស្ត្រដែលយើងត្រូវលុបបំបាត់ជំងឺ គឺមន្ទីរសុខាភិបាលខេត្តប៉ៃលិនជាមួយអង្គការជាដៃគូ តែងធ្វើសកម្មភាពនៅគ្រប់ក្រុង ស្រុកឃុំសង្កាត់ទាំងអស់ទូទាំងខេត្ត ផ្សព្វផ្សាយ អប់រំការពីវិធីការពារជម្ងឺគ្រុនចាញ់ និងគ្ករុនឈាម ដោយការចែកមុងគ្រែ មុងអង្រឹងជ្រលក់ថ្នាំ ក៏ដូចជាការផ្សព្វផ្សាយពីការសម្អាតបរិស្ថានជុំវិញផ្ទះ ក្នុងគោលបំណងលុបបំបាត់សំបុកមូសខ្លាផងដែរ៕