គណៈប្រតិភូព្រឹទ្ធសភាប្រចាំភូមិភាគ៤ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន


នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភាប្រចាំភូមិភាគ៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមព្រឹទ្ធ​សភាប្រចាំភូមិភាគ៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគណអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីសិក្សាស្វែងយល់ពីការវិវឌ្ឍរីកចំរើនរបស់ខេត្តប៉ៃលិន ក៏ដូចជាការអនុវត្តការងារភារកិច្ចរបស់រដ្ឋបាលខេត្ត ក្នុងការរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សង្គម ការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្ត។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើអោយខេត្តប៉ៃលិន មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។ មកដល់ពេលនេះ ខេត្តប៉ៃលិនមានការសាងសង់ផ្លូវ​ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ និងសមិទ្ធិផលនានាជាច្រើនទៀត ដែលបំរើដល់ផលប្រយោជន៍ និងជីវភាព​រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនេះមន្ត្រីនៅថ្នាក់មូលដ្ឋានបានខិតខំបំរើសេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋបានល្អប្រសើ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានល្អ មានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានលើកឡើងពីបញ្ហាការបែងចែក ការគ្រប់គ្រងដែនដីរដ្ឋបាលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅចំណុចភ្នំដំបង និងអូរស្លេវ មិនទាន់ច្បាស់លាស់ ដែលបង្ករការលំបាកដល់ការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតំបន់នោះ។

ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ច របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តបំរើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍មូលដ្ឋានមានការរីកចំរើនលើគ្រប់វិស័យ។ ជាពិសេសការរក្សាបាននូវសន្តិសុខ សណ្តាប់ ធ្នាប់សង្គម និងការពារបូរណភាពទឹកដីបានគង់វង្ស។ ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំខេត្ត ត្រូវរៀបចំបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីរាជការគ្រប់ថ្នាក់ ជាពិសេសនៅតាមស្ថាប័នមន្ទីរ/អង្គភាពអោយមានចំណេះដឹងពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងភាពរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋល្អប្រសើ។ ឯកឧត្តមក៏បានជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវមើលឡើងវិញពីបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ បញ្ហាការបញ្ជាក់សំបុត្រកំណើតនៅតាមមូលដ្ឋាន ព្រោះបញ្ហាទាំងអស់នេះមានអាជ្ញាធរមូលដ្ឋានខ្លះ ធ្វើមិនទាន់បានធ្វើត្រឹមត្រូវតាមច្បាប់នៅឡើយ, បញ្ហាធ្វើអត្រានុកូលដ្ឋាន,  បញ្ហាគ្រឿងញៀន, បញ្ហាការរស់នៅ និងស្ថិតិរបស់ប្រជាពលនៅតាមមូលដ្ឋាន ជាពិសេសការកំណត់លើការរស់នៅ និងការប្រកបអាជីវកម្មរបស់ជនបរទេស និងបញ្ហាសន្តិសុខសង្គមនៅតាមមូលដ្ឋានជាដើម។  ឯកឧត្តមក៏បានបន្ថែមទៀតថា៖  ថ្នាក់ដឹកនាំខេត្តត្រូវមានឆន្ទះ និងទំនួលខុសត្រូវខ្ពស់ក្នុងមុខងារ តួនាទីរបស់ខ្លួន ដោយត្រូវធ្វើការងារអោយមានប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្តម ប៉ុល លឹម ក៏បានសំណូមពរសូមឲ្យថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់នូវគោលការណ៍សាមគ្គីភាព ឯកភាពគ្នាឲ្យបានល្អ និងត្រូវយកចិត្តទុកដាក់លើការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕ ពិនិត្យ និងកែសម្រួល៖ វួច ពឿន