ជនសង្ស័យ ០២នាក់ត្រូវជាប់ខ្នោះប៉ូលីស ក្រោយធ្វើសកម្មភាពលួចម៉ូតូបានសម្រេចចំនួន ២ថ្ងៃ


កាលពីវេលាម៉ោង  ១១:២៥នាទី ថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីចោរលួចម៉ូតូមួយកើតឡើង  នៅចំណុចសណ្ឋាគារ ១២ជាន់ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។

ម្ចាស់ម៉ូតូឈ្មោះ មិន រ៉ា  ភេទ  ប្រុស អាយុ  ៣១ ឆ្នាំ  រស់នៅភូមិ ផ្សារព្រំជើង ឃុំស្ទឹង​កាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។ បានបាត់ម៉ូតូមួយគ្រឿងម៉ាក Honda Click  ពណ៌ស សេរីឆ្នាំ  ២០១៩  លេខតួ ៨០៤៥៧៤០ លេខម៉ាស៊ីន ៨០៤៥៧៤០គ្មានស្លាកលេខ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅធ្វើការ ​ហើយបានចាក់សោរកម៉ូតូទុក​នៅមុខកន្លែងធ្វើការ រួចចូលទៅធ្វើការជាធម្មតា លុះពេលចេញមកវិញ​ស្រាប់តែបាត់ម៉ូតូមិន​ឃើញ  ។

ក្រោយពីបានទទួលទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញ​នៃអធិការ​ដ្ឋាននគរបាល​ស្រុកសាលាក្រៅ បានចុះស៊ើបអង្កេត និងកំណត់មុខសញ្ញា ឃើញថា ជនសង្ស័យ ក្រោយពីបានធ្វើសកម្មភាពរួច បានយកម៉ូតូជនរងគ្រោះ ទៅ​ខាងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ភ្លាមៗ នោះលោកអធិការ ស្រុកសាលាក្រៅ បាន រាយការណ៍សុំគោលការពីស្នងការ និងបានរាយការជូនលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំការអនុញ្ញាតិពន្លាតដែនសមត្ថកិច្ច​មកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ។ លុះដល់មកវេលាម៉ោង ១០:៣០នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំង ជំនាញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖

០១-ឈ្មោះ ទូច ផាត ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ០២-ឈ្មោះ ហៀប ឆវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពានទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានដកហូត ម៉ូតូម៉ាក Zommer X ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-7799 (ជាមធ្យោបាយរបស់ជនសង្ស័យ ក្នុងការប្រព្រឹត្តបទល្មើស) រីឯម៉ូតូជនរងគ្រោះ ម៉ាក HONDA click កម្លាំងជំនាញកំពុងធ្វើការស៊ើបអង្កេតបន្ត ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

ដោយ៖ វួច ពឿន

ប្រភព៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យ ផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន