ក្រុមប្រឹក្សាខេត្តប៉ៃលិនប្រជុំសាមញ្ញលើកទី០១ អាណត្តីទី៣


នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ច​ប្រជុំសាមញ្ញ​លើកទី​០១ អាណត្តិទី៣របស់ខ្លួន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តម​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សា ឃុំ/សង្កាត់ ផងដែរ។

​     កិច្ចប្រជុំមានរបៀបវារៈដូចជា៖១/​ផ្សព្វផ្សាយអំពីសេចក្តី​ណែនាំរបស់​ក្រសួង​មហាផ្ទៃ​លេខ​០១៥សណន ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងគំរូបទបញ្ជាផ្ទៃ​ក្នុងរបស់ក្រុមប្រឹក្សា។ទី២/ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ​របស់​​ក្រុម​ប្រឹក្សាសម្រាប់រយៈពេល១២ខែឆ្នាំទី០១ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ ។ទី៣/​សេចក្តីរាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលខេត្តនៅក្នុងអាណត្តិទី០២ និងទិសដៅ​ការងារ​រយៈពេល០៣ខែដែលត្រូវអនុវត្តបន្ត។ទី៤/បញ្ហាផ្សេងៗ។

បន្ទាប់ពីលោក អ៊ុន ប៉ុនលី នាយករដ្ឋបាលខេត្តប៉ៃលិនបានអាន ​សេច​ក្តី​​ណែនាំរបស់​ក្រសួង​មហាផ្ទៃ​លេខ​០១៥សណន ស្តីពីការរៀបចំបទ​បញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាខេត្ត និងគំរូបទបញ្ជាផ្ទៃ​ក្នុងរបស់ក្រុមប្រឹក្សា រួចមក ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ជំរុញដល់មន្ទីរជំនាញ និង អង្គភាព​ដែលជាប់​ពាក់​ព័ន្ធទាំងអស់ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានាអោយបានជាបន្តបន្ទាប់ ក្នុងន័យបំរើសេវាជូន​ប្រជា​ពល​រដ្ឋ​អោយបានល្អប្រសើ​ឡើង។ជាពិសេសបន្តខិតខំអនុវត្តនូវគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ស៊ីជម្រៅរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ អោយមាន​គុណ​ភាព និងតម្លាភាព សំដៅបង្កើនប្រសិទ្ធភាពនិងសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ ផ្តល់សេវានានា រាល់សំណូមពរពីប្រជាពលរដ្ឋ​អោយ​បានទាន់ពេលវេលា។ឯកឧត្តមបានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្រ្តី​ជំនាញទាំងអស់ត្រូវ​សហការសាមគ្គីគ្នាអោយបានល្អ ខិតខំគាំទ្រ ការអនុវត្តការងារ អោយបានម៉ត់ច្មត់ ជា​ពិសេសមន្ទីរជំនាញត្រូវសហការជាមួយរដ្ឋបាលខេត្ត   ក្នុងការដោះស្រាយតាម​សេចក្តី​ត្រូវ​ការរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។

ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិនមាន​ប្រសាសន៍ថាៈ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាខេត្តអាណត្តិទី៣ជាលើកដំបូងដើម្បីផ្សព្វផ្សាយអំពីសេចក្តី​ណែនាំរបស់​ក្រសួង​មហាផ្ទៃ​លេខ​០១៥សណន ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងគំរូបទបញ្ជាផ្ទៃ​ក្នុងរបស់ក្រុមប្រឹក្សា និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ​របស់​​ក្រុម​ប្រឹក្សាសម្រាប់រយៈពេល១២ខែឆ្នាំផងដែរ។ឯកឧត្តមបន្តថា កន្លងមកនេះ​​​រដ្ឋបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានា​ដែល​កើតមានឡើងកន្លងទៅទទួល​បានលទ្ធផលល្អ ជាពិសេសបាន ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងការអភិវឌ្ឍន៍​ខេត្តប៉ៃលិន​រីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានស្នើរ ដល់​​រដ្ឋបាលខេត្ត​និងមន្ទីរស្ថាប័ន​ជុំវិញ​ខេត្ត​ទាំង​អស់​ត្រូវបន្តខិតខំធ្វើការដោះស្រាយបញ្ហា រាល់ទុកកង្វល់និងសំនូមពរពី បងប្អូនប្រជា​ពល​រដ្ឋ​អោយបានល្អ តាមសេចក្តីត្រូវការ និងការ​អភិវឌ្ឍន៏​នៅ​តាមមូល​ដ្ឋាន​អោយ​មាន​ការរីកចំរើន ស្របតាមគោល​នយោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការកាត់​បន្ថយ​ភាពក្រីក្រជូនប្រជាពលរដ្ឋ។ ឯកឧត្តមក៍បានជំរុញដល់មន្ទីរ​ជំនាញគ្រប់​លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនអោយបានល្អថែមទៀត នឹងត្រូវប្រតិបត្តិ អនុវត្ត តាមការណែនាំរបស់​ថ្នាក់​ដឹកនាំ នឹងត្រូវធ្វើ​របាយ​​ការណ៍ជូន​ដល់​ក្រុម​ប្រឹក្សាអោយ​បាន​លឿន នឹងត្រឹម​ត្រូវច្បាស់​លាស់ ។  ទន្ទឹមនេះអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និងសមត្ថកិច្ចទាំងបីប្រភេទត្រូវពង្រឹងកិច្ច​សហការការពារសន្តិសុខសណ្តាប់​សាធា​រណៈ ទប់ស្កាត់​ការ​ជួញដូ ប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ​កុំអោយកើតមាននៅក្នុងមូលដ្ឋានប្រជាពល​រដ្ឋរស់នៅ ដើម្បីផ្តល់ឱកាសពួកគាត់​ប្រក​ប​របររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខគ្រប់ពេលវាលា៕