មានប្រសាសន៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ របស់ពុទ្ធិកអនុវិទ្យាល័យសម្តេចហ៊ុនសែនប៉ៃលិន និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស នៅវត្តរតនៈសោភ័ណ្ឌ នារសៀលថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩, ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានបញ្ជាក់ថា៖ ការអប់រំលើវិស័យព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ណាស់ សំរាប់ការអភិវឌ្ឍប្រទេសជាតិ និងសីលធម៌សង្គម ព្រោះប្រទេសកម្ពុជាប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងមានព្រះសង្ឃរាប់ម៉ឺនអង្គ កំពុងបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា ហើយដែលព្រះសង្ឃគ្រប់អង្គ គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ទាំងពេលនៅជាព្រះសង្ឃ និងក្រោយពេលលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។ ព្រះសង្ឃក្រៅពីដឹកនាំ អប់រំពុទ្ធបរិស័ទអោយប្រព្រឹត្តនូវអំពើល្អ ស្គាល់បុណ្យ ស្គាល់បាប ស្គាល់ពីមាគារនាំទៅរកសេចក្តីសុខផ្លូវចិត្ត, ព្រះសង្ឃក៏បានដឹកនាំកសាងសមិទ្ធិផលនានាក្នុងសង្គម ដូចជាវត្តអារាម និងសមិទ្ធិផលមនុស្សធម៌នានាជាច្រើនទៀតផងដែរ។ ក្រោយពីលាចាកសិក្ខបទ ក្លាយជាគ្រហស្ថធម្មតា អន្ទិតទាំងអស់ គឺជាកោសិកាសង្គម ជាសរសទ្រូងរបស់សង្គមជាតិផងដែរ។ ហេតុនេះ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំផ្នែកវិស័យព្រះពុទ្ធសាសនា និងខិតខំជំរុញ លើកកំពស់ គុណភាពនៃការអប់រំលើវិស័យពុទ្ធចក្រ អោយបានស្មើគ្នាជាមួយនឹងការអប់រំផ្នែកអាណាចក្រដែរ។ ឯកឧត្តម ផាន់ ចាន់ធុល ក៏បានជំរុញដល់មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់យកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរធម្មការ និងសាសនាខេត្ត និងត្រូវបន្តរួបរួមសាមគ្គី កសាងសង្គមជាតិ និងការអភិវឌ្ឍន៏វិស័យព្រះពុទ្ធសាសនាអោយបានថ្កុំថ្កើនរុងរឿងជាបន្តបន្ទាប់ទៀត ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងធម្មការ និងសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមការបញ្ជាក់ពីលោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិនបានអោយដឹងថា៖ នៅក្នុងខេត្តប៉ៃលិនមាន សាលាពុទ្ធិកអនុ វិទ្យាល័យ មាន១សាលា ,មាន ៣ថ្នាក់ និងមានសមណសិស្សសរុប ចំនួន ៨៨អង្គ/នាក់។ មានមុខវិជ្ជាបង្រៀន១៥មុខ គឺភាសាបាលី ភាសាសំស្រ្កឹត ពុទ្ធវិន័យ ពុទ្ធសាសនា ភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ផែនដីវិទ្យា ជីវៈវិទ្យា ប្រវិត្តិវិទ្យា ភូមិវិទ្យា សីលធម៌ពលរដ្ឋវិទ្យា ព្រះអភិធម្ម ។ ដោយឡែកសាលាពុទ្ធិក បឋមសិក្សា មាន ១សាលា មានបីថ្នាក់ និងមានសមណសិស្សសរុបចំនួន ១៧២អង្គ/នាក់។ មានមុខវិជ្ជាបង្រៀន ១១មុខ គឺភាសាបាលី វិន័យ ,សីលធម៌ ពុទ្ធប្បវត្តិ ពុទ្ធសាលនា ភាសាខ្មែរ អង់គ្លេស គណិតវិទ្យា វិទ្យាសាស្រ្ត សិក្សាសង្គម ប្រវត្តិវិទ្យា ភូមិវិទ្យា។
ក្នុងឪកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តក៍បានប្រគល់ប័ណ្ណសរសើរដល់សមណសិស្ស និងចែកសៀវភៅ ប៊ិចដល់សមណសិស្សផងដែរ។ ពិនិត្យ កែសម្រួល៖ វួច ពឿន