ឯកឧត្តម វ៉េង សុធី និង ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកំលាំងចំរុះ ចុះត្រួតពិនិត្យ និងរុះរើស្លាកយីហោអាជីវកម្មបរទេសខុសបច្ចេកទេស នៅភូមិផ្សាព្រំ


ព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំកំលាំងចំរុះមាន ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ អភិបាលស្រុកសាលាក្រៅ អញ្ជើញចុះណែនាំ ត្រួតពិនិត្យ និងរុះរើស្លាកយីហោអាជីវកម្មជនបរទេស ពិសេសជនជាតិចិន ដែលមានចំនួនពីរទីតាំង គឺៈទី១/ ភោជនីយដ្ឋានចិន ឈ្មោះថា ឌឺហ្គជររហ្វវល និង ទី២/ superrich the best casino ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបាន​មានប្រសាសន៍ថា៖​ រដ្ឋ​បាល​​ខេត្តបានយកចិត្តទុកដាក់​ក្នុងការផ្សព្វផ្សាយ ​និងណែនាំដល់​អាជីវករ​ដែលបានលើកស្លាកយី​ហោក្នុងការប្រកបអាជីវកម្មផ្សេងៗ អោយបាន​ត្រឹម​ត្រូវ​ និងមានច្បាប់អនុញ្ញាតិពីអាជ្ញាធរដែនដីផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ កន្លងមកអា​ជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាព​ជំនាញ​ពាក់​ព័ន្ធ ក៏​បានធ្វើការណែនាំដល់អាជីវករ ម្ចាស់អាជីវកម្មទាំងអស់ពីនិតិវិធីនៃការដាក់ស្លាកយីហោអោយបានត្រឹមត្រូវផងដែរ គឺទី១/ត្រូវដាក់តាំងស្លាកយីហោជាអក្សរខ្មែរនៅខាងលើ។ ទី២/ត្រូវសរសេរអក្សរអង់គ្លេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរ។ ទី/៣-ប្រសិនបើម្ចាស់អាជីវកម្មទេស​ចរណ៍មានបំណងប្រើប្រាស់អក្សរបរទេស ផ្សេងទៀត ដូចជាអក្សរចិនជាដើម គឺអាចដាក់បាននៅផ្នែកខាងក្រោមបន្ទាប់ទៀតដោយមានទំហំអក្សរមួយភាគពីរ (១/២) នៃទំហំអក្សរខ្មែរដែរ។

ឯកឧត្តម វេង សុខធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ ដើម្បី រួមចំណែកដល់ការអភិវឌ្ឍ ការថែរក្សាការពារប្រពៃណី ស្នាដៃស្ថាបត្យកម្ម អក្សរសាស្រ្ត ក្បាច់កម្លាក់ សិល្បៈ  វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ និងជាមរតក ដ៏មានតម្លៃរបស់ជាតិយើង ក្រសួងបានណែនាំម្ចាស់អាជីកម្មទាំងអស់ត្រូវបំពេញលក្ខខណ្ឌចំនួន ៣ ចំនុចគឺៈ ទី១/ ត្រូវប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ  ទី២/ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និងទី៣ /ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ឬខេត្ត។ ដូច្នេះ រដ្ឋបាលខេត្តប៉ៃលិនត្រូវតែជំរុញ​ដល់​ម្ចាស់ជីវករទាំងអស់ត្រូវតែគោរពអនុវត្ត ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់បញ្ញា និងច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕ ពិនិត្យ កែសម្រួល៖ វួច ពឿន