អាជ្ញាធរខេត្តប៉ៃលិនសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យស្លាកអាជីវកម្មរបស់ជនជាតិចិននៅផ្សារព្រំ


រសៀលថ្ងៃចន្ទ ៩រ០ច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩  លោកជំទាវ ជា លាភ អភិបាលរងខេត្ត​ រួម​ដំណើ​​ដោយ លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្ត លោក សុខ សាធីម ប្រធាន​​មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញធ្វើការចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពលើស្លាកសញ្ញាអាជីវកម្ម និងច្បាប់អាជីវកម្មដែលជនជាតិចិនប្រកបរបរនៅលើទឹកដីខេត្ត​​​​​​​​ប៉ៃលិន ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ ជា លាភ អភិបាលរងខេត្ត បានមានប្រសាសន៏ថា៖ ខណៈមានកំណើននៃជនជាតិចិនចូលមកធ្វើការវិនិយោគ និងរកស៊ីនៅក្នុងប្រទេសកម្ពុជា ជាពិ​សេសនៅលើទឹកដីខេត្តប៉ៃលិន ជនជាតិចិនបានលើកស្លាកយីហោជាច្រើន ដែលបានសរសេរអក្សរខ្មែរខុសអក្ខរាវិរុទ្ធ ឬ ការដាក់ឈ្មោះមិនបានត្រឹមត្រូវលើស្លាកយីហោ ដូចជាៈ ការដាក់អក្សរចិនពីលើអក្សរជាតិខ្មែរ និងអក្សរចិនខុសជាច្រើនដូចជា ហាងប្រទេសចិន, ភោជនីយ៍ដ្ឋានជាភាសាចិន និងហាងលក់ទំនិញជាភាសាចិន ជាដើម។ លោកជំទាវបន្តថា៖ ចាប់តាំងមានជនជាតិចិនដែលមកបើករបររកស៊ីនៅខេត្តប៉ៃលិន ពួកគេនាំគ្នាសរសេរស្លាកយីហោខុស មិនបានសុំច្បាប់ត្រឹមត្រូវ និងការបើកកន្លែងធ្វើស្លាកយីហោដោយខ្លួនឯង ដែលបញ្ហានេះ​អាជ្ញាធរ​ត្រូវណែនាំ និងកែតម្រូវអោយម្ចាស់អាជីវកម្ម​ដែលជនជាតិបរទេសត្រូវ​ធ្វើអោយបានត្រឹមត្រូវស្របតាមច្បាប់របស់ប្រទេសកម្ពុជា។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំខេត្តសំណូមពរអោយជំនាញពាក់ព័ន្ធជាពិសេសមន្ទីរពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្ត ត្រូវតាមដានត្រួតពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្មដែលលើកផ្លាកយីហោ ដែលខុសច្បាប់ និងខុសអក្ខរាវិរុទ្ធ ត្រូវកែ​តម្រូវស្របតាមច្បាប់ ទើបអនុញ្ញាតិអោយលើក​ផ្លាកយីហោនោះ​បាន​។ លោកជំទាវ ក៏បានធ្វើការណែនាំ និងពន្យល់ដល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថាៈ បើតាមលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានមានប្រសាសន៍ថា ដើម្បីធ្វើអាជីវកម្មរកស៊ីនៅក្នុងប្រទេសកម្ពុជា ជនបរទេសទាំងឡាយត្រូវបំពេញលក្ខខណ្ឌបីចំនុច ទី១៖ ត្រូវប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ ចំពោះស្លាកយីហោជាភាសាខ្មែរ, ទី២៖ ការលើកស្លាកយីហោ ត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬមន្ទីរពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ និង ទី៣៖ ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្ម ត្រូវធ្វើតាម   រយៈច្រកចេញចូលតែមួយ របស់សាលារាជធានី ខេត្ត» ទើបស្របតាមច្បាប់ត្រឹមត្រូវ។

ក្នុងពេលចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពលើស្លាកសញ្ញាអាជីវកម្ម និងច្បាប់អាជីវកម្មជាលទ្ធផលរកឃើញថាមានជនជាតិចិនប្រកបរបរអាជីវកម្មមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចំនួន ១០កន្លែង និងសសេរអក្សរចិនលើអក្សរខ្មែរចំនួន ០១ កន្លែងផងដែរ៕

ពិនិត្យ កែសម្រួល៖ វួច ពឿន