រដ្ឋបាលខេត្តប៉ៃលិនអំពាវនាវដល់អ្នកបើកបរទាំងអស់ នៅពេលឡើងបញ្ជាយានយន្ត ត្រូវចាំជានិច្ចនូវសីលធម៌១០យ៉ាង គឺ៤មិន , ៦ត្រូវ


មានប្រសាសន៍នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថភាពចរាចរផ្លូវគោកលើកទី១២ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជា អនុគណកម្មាធិការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវដល់អ្នកបើកបរទាំងអស់ នៅពេលឡើងបញ្ជាយានយន្តត្រូវចាំជានិច្ចនូវសីលធម៌១០យ៉ាង គឺ៤មិន , ៦ត្រូវ។ ៤មិន គឺមានដូចជាៈ  ១/មិនត្រូវបើកបរលើសល្បឿនកមនត់ដាច់ខាត។ ២/មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត។ ៣/​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត។ ៤/ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកដាច់ខាត។ ចំណែក៦ត្រូវ គឺមានដូចជា ១/ ត្រូវចេះបើកបរអោយបានត្រឹមត្រូវដាច់ខាត។ ២/ ត្រូវពាក់មួកសុវត្ថភាពជានិច្ច។ ៣/ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថភាពជានិច្ច។ ៤/ ត្រូវប្រកាន់ស្តាំជានិច្ច។ ៥/ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច។ ៦/ ត្រូវប្រុងប្រយ័ត្នជានិច្ច។ ឯកឧត្តមបានមានប្រសាសន៍បន្តថា បច្ចុប្បន្នប្រទេសកម្ពុជាទទួលបាននូវសុខ សន្តិភាព ពេញផ្ទៃប្រទេស ហើយគ្រោះថ្នាក់ដោយសារសង្រ្គាម និងយោធភ័ណមិនទាន់ផ្ទុះនៅសល់កម្រិតទាបបំផុត តែអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថេរ គឺក្នុងកម្រិតជាមធ្យម ៥នាក់ក្នុងមួយថ្ងៃ។ គ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃបណ្តាលមកពីកត្តា៣សំខាន់ គឺកត្តាមនុស្ស កត្តាយានយន្ត ​និងកត្តាផ្លូវថ្នល់ ដែលកត្តាមនុស្សមានអត្រាខ្ពស់ជាងគេ។ ឯកឧត្តមបានបន្តទៀតថា ព្រមជាមួយនឹងស្ថានភាពសុខសន្តិភាពនេះ យើងបានឃើញថា គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារមានជីវភាពធូធា និងមានលទ្ធភពទិញយានយន្តគ្រប់ប្រភេទមកប្រើប្រាស់សម្រាប់គ្រួសារ និងអាជីវកម្ម។ ជាក់ស្តែងគិតមកដល់ត្រឹមខែឧសភា ឆ្នាំ២០១៩នេះ នៅទូទាំងខេត្តប៉ៃលិន មានយានយន្តគ្រប់ប្រភេទចំនួន២០,០៩៨គ្រឿង ស្មើនឹង១២៥,១២% នៃចំនួគ្រួសារសរុបទូទាំងខេត្ត ដែលវាយតម្លៃបានថា ស្ទើគ្រប់ផ្ទះមានយានយន្តប្រើប្រាស់ ហើយផ្ទះខ្លះមានយានយន្តលើសពីមួយ។ កំណើនយានយន្តបានរួមចំណែកក្នុងការធ្វើអោយកើនឡើងនូវចំនួនគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ បើយើងមិនរួមគ្នារកវិធានការទប់ស្កាត់ បញ្ហានេះ នឹងបង្កើនបន្ទុកធ្ងន់ធ្ងរដល់សង្គមជាតិទៅថ្ងៃខាងមុខមិនខានឡើយ។ ឯកឧត្តមបានបន្តទៀតថា ការរៀបចំទិវាសប្តាហ៍ជាតិសុវត្ថភាពចរាចរណ៍ផ្លូវគោកលើកទី១២នេះ គឺក្នុងទិសដៅលើកកំពស់ការយល់ដឹងអំពីសុវត្ថភាពចរាចរណ៍ផ្លូវគោក រួមគ្នាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រឹតទាបបំផុត។

សូមបញ្ជាក់ថា បើតាមរបាយការរបស់ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិនបានអោយដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ (ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៩)មានករណីកើតឡើងសរុបចំនួន ២០លើក, មានមនុស្សរងរបួសធ្ងន់ចំនួន ២១នាក់(ស្រី ០៦នាក់)។ មានមនុស្សរងរបួសស្រាលចំនួន ១៦នាក់(ស្រី ០៣នាក់)។ មានមនុស្សស្លាប់ចំនួន ០៦នាក់(ស្រី ០១នាក់)។ សរុបអ្នករងបួសធ្ងន់-ស្រាលចំនួន ៣៧នាក់(ស្រី ០៩នាក់)។ ខូចខាតម៉ូតូចំនួន ២៤គ្រឿង , ខូចខាតរថយន្ដធន់ធ្ងន់ និងស្រាលចំនួន ១៦គ្រឿង៕

ដោយ៖ វួច ពឿន