ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបើកកិច្ចប្រជុំបែងចែក និងប្រគល់តួនាទីភារៈកិច្ច ជូនសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីចុះបេសកកម្មនៅតាមក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន


ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានបើកកិច្ចប្រជុំស្តី ការបែងចែកនិងប្រគល់តួនាទីភារៈកិច្ច ជូនសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីចុះបេសកកម្មនៅតាមក្រុង/ស្រុក ក្នុងខេត្តប៉ៃលិន និងការបង្កើតក្រុមការងារជំនួយការ នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយ ខេត្តប៉ៃលិន ហើយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោកអភិបាលក្រុង-ស្រុក និងឯកឧត្តម-លោកជំទាវ អស់លោក-លោកស្រីដែលអញ្ជើញមកពីក្រសួងពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារ​ចុះ​ជួយ​ខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ នេះជាកិច្ចប្រជុំលើកទី១ សម្រាប់ខេត្តប៉ៃលិន ស្តីពីការ​បង្កើត​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលនេះជាយុទ្ធសាស្ត្រថ្មី​មួយទៀតរបស់រាជរដ្ឋាភិ​បាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាតីតេជោ ហ៊ុន សែន ដើម្បីត្រួត​ពិនិត្យ​និង​គាំទ្រអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជ​រដ្ឋា​ភិបាលកម្ពុជា។ ឯកឧត្តម បានបន្តថា៖ ក្នុងនាមថ្នាក់ដឹកនាំត្រូវដឹងពីសុខទុក្ខ​របស់បងប្អូន​ប្រជា​ពល​រដ្ឋអោយបានច្រើន ពិសេសគឺការផ្តល់សេវាសាធារណៈឱ្យបានល្អ ស្របតាមអភិក្រម ធ្វើឱ្យបាន លឿន និងឱ្យមានប្រសិទ្ធភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ចំពោះវេទិកាសាធារណៈនៅតាមមូលដ្ឋានកន្លងមកនៅតាម មូល​ដ្ឋានមិនមែនធ្វើឡើង ដើម្បីតែប្រមូលយកតែបញ្ហារបស់ពួកគាត់ទុកចោលនោះទេ ត្រូវតែ​ដោះ​ស្រាយជូនពួកគាត់ភ្លាមៗ តាមដែលអាចធ្វើបានទើបគេហៅថាមន្ត្រីបម្រើរាស្ត្រ ពិតប្រាកដ​ដែលធ្វើអោយពួកគាត់គាំទ្រហើយបោះឆ្នោតគាំទ្រដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់អាណត្តិនៃការបោះឆ្នោត។ ​ឯកឧត្តមក៏បានសំណូមពរដល់ក្រុមការថ្នាក់ជាតិ​ចុះមូលដ្ឋានទាំងអស់ត្រូវ​មានកិច្ច​​សហ​ការសាមគ្គីភាពគ្នាអោយបានជិតស្និទ្ធ​ដើម្បីបំពេញការងារបំរើសេវាដោះ​ស្រាយ​ទុកលំបាកជូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនទទួលខុសត្រូវអោយទទួលបានជោគជ័យ ៕