មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រជុំត្រួតពិនិត្យការអនុវត្តថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់មន្ទីរជំនាញនានាក្នុងខេត្ត


ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់មន្ទីរ អង្គភាពជំនាញនានាជំវិញ​ខេត្ត ក្រោម​អធិបតី ភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួម ពីសំណាក់ លោក ប៉ូច សាអែម អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកពេជ្រ សារ៉ាត់ អនុប្រធានរតនាគារខេត្ត ព្រមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាល នៃមន្ទីរជំនាញជំវិញខេត្តផងដែរ។

បន្ទាប់ពីលោកស្រី យឹម ខន អនុប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និង ចំណូល មិនមែនសារពើរពន្ធ បានធ្វើបទបង្ហាញស្តីពីការអនុវត្តថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់មន្ទីរជំនាញ រួចមក លោក វិន សំអាង ប្រធានការិយាល័យថវិកា មន្ទីរជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអានរបាយការណ៍ចំណូលថវិកា របស់មន្ទីរជំនាញ នីមួយ​ៗ ព្រមទាំងបានធ្វើការណែនាំ និងផ្តល់មតិយោបល់ ក្នុងការរកចំណូលអោយបានតាមផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោក ប៉ូច សាអែម  អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា៖ កិច្ចប្រជុំនៅពេលនេះ គឺដើម្បីក្រើនរំលឹកដល់​មន្ត្រីជំនាញតាមមន្ទីរ  អង្គភាពជំនាញជុំវិញខេត្តអោយខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណារកចំណូលអោយបានទាន់ពេលវេលា ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់​ហិរញ្ញ​វត្ថុសាធារណៈអោយមានប្រសិទ្ធភាព។

ឯកឧត្តម ចេង ញ៉ាន់  អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ រាជរដ្ឋា​ភិ​បាលកម្ពុជា​ក្រោមការ ដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើអោយ ប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងបានកសាង និងអភិវិឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនលើគ្រប់វិស័យ។ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបានកើនឡើងរៀងរាល់ឆ្នាំក្នុងរង្វង់៧%។ ឯកឧត្តមបានមានប្រសាន៍បន្តថា មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ត្រូវមានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការប្រមូលចំណូលចូលរដ្ឋ និងការអនុវត្តកម្មវិធីថវិការបស់ខ្លួនអោយបានល្អ ដើម្បីគាំទ្រអោយសកម្មភាពការងារជំនាញអោយដំណើរការទៅដោយល្អប្រសើឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៍បានផ្តាំផ្ញើរ ដល់ រដ្ឋបាលនៃមន្ទីរ អង្គភាពជំនាញនីមួយៗ ត្រូវរៀបចំឯកសារចំណូល ចំណាយអោយបានត្រឹមត្រូវ ហើយបើជួបបញ្ហាមិនយល់លើចំណុចណាមួយនោះ ត្រូវសហជាមួយមន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុ ធ្វើការពន្យល់ណែនាំ  ដើម្បី អោការអនុវត្តការងារថវិកា ចំណាយ ចំណូលសមស្របតាម​ច្បាប់គតិយុត្តជាធរមាន៕