ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើទី៦០ ដែលជាកិច្ចប្រជុំចុងក្រោយក្នុងអាណត្តិទី២


ព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានបើកកិច្ចប្រជុំសាមញ្ញលើកទី ៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងជាការបញ្ចប់អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ ជំនាញជំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងអង្គការនានាមួយចំនួនទៀត។

កិច្ចប្រជុំនេះមានរបៀបវរៈ ទី១/ ពិនិត្យ និងអនុម័តរបៀបវារៈកិច្ចប្រជុំ​សាមញ្ញ​លើក​ទី៦០ ។ ទី២/  ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៩។ ទី៣/ពិនិត្យ និងអនុម័តរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត​ប្រចាំខែមេសា ឆ្នាំ២០១៩  និង ទី៤/ បញ្ហាផ្សេងៗ។

បន្ទាប់ពី លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តបអានរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តប៉ៃលិនរួចមក  សមា​ជិកក្រុមប្រឹក្សាខេត្តបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន ស្នើអោយរដ្ឋ​បាលខេ​ត្ត​ និង​មន្ទីរជំនាញពាក់ព័ន្ធដោះស្រាយ ដូចជា៖ ទី១-បញ្ហាក្រុមហ៊ុនទឹកស្អាតថូម៉ាសឧស្សាហ៍ដាច់ទឹកជាញឹកញាប់ ​ហើយទឹកនៅតែកខ្វក់ ធ្វើបះពាល់សុខភាពប្រជាពលរដ្ឋប្រើប្រាស់។ ទី២-សំណូមពរអោយមន្ទីរសុខាភិបាលខេត្តត្រូវចុះអប់រំស្តីពីការការពារជម្ងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺរបេងនៅតាមសហគមន៍អោយបានញឹកញាប់  ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ទី ៣-សំណូមពរអោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវពង្រឹង និងពង្រីកមត្តេយសិក្សាតាមសហគមន៍អោយបានច្រើន, និង​​​ ទី៤-បញ្ហាខ្វះទឹកប្រើប្រាស់នៅតាមសាលារៀនដាច់ស្រយាល ដែលត្រូវដោះស្រាយជាបន្ទាន់នៅរដូវក្តៅខ្លាំងនេះ។

ឯកឧត្តម ផាន់ចាន់ ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ ថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាខេត្ត និសូមទទួលយកនូវសំណើរនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីយកទៅដោះស្រាយអោយបានទាន់ពេលវេលា។ ឯកឧត្តមបានមានប្រសាសន៍ថា ការលើកឡើងនូវបញ្ហាប្រឈមនាពេលនេះ គឺបានពញ្ញាក់ស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរ ក៏ដូចជាមន្ទីរវិស័យពាក់ព័ន្ធទាំងអស់អោយមានការខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារដឹកនាំ ការងារបំរើប្រជាពលរដ្ឋតាមវិស័យនីមួយ អោយបានល្អប្រសើរ។  ឯកឧត្តម  ក៏បានកើតសសើរដល់ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក្រុមប្រឹក្សាខេត្តទាំងអស់ក្នុងអណត្តិទី២នេះ ដែលបានរួមដឹកនាំធ្វើការងារប្រកបដោយប្រសិទ្ធភាព    ពិសេសជួយកែលម្អដល់រដ្ឋបាលខេត្តលើការងារប្រឈម បញ្ហាខ្វះខាតនានា បានល្អប្រសើរ។ ឯកឧត្តមបានបន្តថា  ថ្វីត្បិតតែក្រុមប្រឹក្សា​ខេត្តអាណត្តិទី២ ត្រូវបានបញ្ចប់អាណត្តិក៏ពិតមែន តែឯកឧត្តម  លោកជំទាវដែលជាក្រុមប្រឹក្សាអាណត្តចាស់ នៅតែអាចផ្តល់ជាគំនិត យោបល់​ ការកែលម្អក្នុងការងារដឹកនាំ កសាងខេត្តប៉ៃលិនអោយបន្តមានការរីកចំរើនថ្មីៗបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរគ្រប់ បណ្តាអង្គភាពជុំវិញខេត្តទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង​អោយ​បានល្អ ដើម្បីបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនអោយទទួល​បានជោគ​ជ័យ។

ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍កោតសសើរ​ដល់​រដ្ឋបាលខេត្ត​ និងអង្គភាព មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងដោះស្រាយរាល់​បញ្ហាប្រឈមនានា​ដែល​កើតមានឡើងកន្លងមកទទួល​បានលទ្ធផលល្អ  ជាពិសេសបាន​យក​ចិត្តទុកដាក់​ពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ និងអភិវឌ្ឍន៍​ខេត្ត​ប៉ៃលិនអោយមានការរីកចំរើនជាបន្តបន្ទាប់។ ឯកឧត្តមក៏បានស្នើរដល់​​រដ្ឋបាលខេត្ត​ និង​មន្ទីរ អង្គភាពជំវិញខេត្ត ​ត្រូវបន្តខិតខំរួមគ្នាធ្វើការដោះស្រាយបញ្ហា រាល់ទុកកង្វល់​ និងសំនូម​ពរ​ពីបងប្អូនប្រជា​ពលរដ្ឋ​អោយបានល្អប្រសើបន្តទៀត៕