រថយន្ត៣គ្រឿងប៉ះគ្នាបណ្តាលអោយស្រ្តីម្នាក់រងរបួសបាក់ដៃស្តាំ


នៅផ្លូវបំបែកជាបួន ផ្លូវជាតិលេខ៥៧ ចំណុចបេនឡានថ្មី ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅយប់ថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧យប់ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តចំនួន៣គ្រឿង បានប៉ះគ្នា បណ្តាលអោយស្រ្តីម្នាក់បានរងរបួសបាក់ដៃស្តាំ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

តាមប្រភពពីអ្នកបានឃើញហេតុការណ៍បានអោដឹងថា នៅវេលាម៉ោងប្រមាណ៧យប់ គេឃើញមានរថយន្តមួយគ្រឿងម៉ាក វីហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2G 6162 បើកបរដោយឈ្មោះ រស់ ធីរ៉ាក់ ហៅ បារាំង អាយុ៤៥ឆ្នាំ រស់នៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរជាអ្នកម៉ៅការសំណង់ ក្នុងខេត្តប៉ៃលិន បានចេញពីផ្លូវបេនឡានថ្មី បត់ឆ្វេង ឡើងមកផ្លូវជាតិលេខ៥៧ ឆ្ពោះទៅទិសខាងលិច។ គ្រានោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក តាកូម៉ា ពាក់ស្លាកលេខ ប៉ៃលិន2A 6668 បើកបរដោយឈ្មោះ គីម បូនី ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ធរួមដំណើរ ឈ្មោះ សុំ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ រងរបួសបាក់ដៃស្តាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ ទិសដៅពីកើតមកលិច ហើយក៏មកប៉ះក្បាលឡានរបស់ រស់ធីរ៉ាក់ ហៅបារាំង ក្នុងគន្លងទី១ នៃទ្រូងផ្លូវឯកទិស។ បន្ទាប់មកទៀតឡាន តាកូម៉ានោះ ក៏រេចង្កូត ផ្លោះសួនចែកទ្រូងផ្លូវ មកបុកប៉ះឡាន នីសាន់មួយគ្រឿទៀត ពាក់ស្លាកលេខ ប១១២៤ បើកបរដោយឈ្មោះ  ក្រឹម ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន តែមិនបណ្តាលអោយមានរបួសអ្វីនោះទេ។

បច្ចុប្បន្នរថយន្តទាំ៣គ្រឿងបាននាំយកទៅរក្សាទុកនៅអធិការក្រុងប៉ៃលិនដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕ ដោយ៖ វួច ពឿន