(28-09-2015) ប៉ៃលិន៖ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្តប៉ៃលិនមានរៀបចំប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជានិងប្រគល់ប្រាក់មរណៈសង្គ្រោះជូនដល់សមាជិក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរង នាយសេនាធិការចំរុះនៃកងយុទ្ធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ភួង ស៊ី ផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការងសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និវត្តន៏ជន និងគ្រួសារអតីតយុទ្ធជន ២២៣នាក់។
តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន ត្រូវបានទទួលស្គាល់ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន លោកឧត្តមសេនីយ៍ត្រី ព្រហ្មប៉ាត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិនជាប្រធានសមាគម លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តជាអនុប្រធាន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនជាអនុប្រធាន លោក សាក់ សាមឿន ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនជាអនុប្រធានប្រចាំការ និងលោក ង៉ែត វុទ្ធី ជាសមាជិកគណៈកម្មាធិការ។
បន្ទាប់ពី លោកឧត្តមសេនីយ៍ត្រី ព្រហ្មប៉ាត ប្រធានសមាគមបានប្តេជ្ញាចិត្តរួចមក ឯកឧត្តម កើតសុធា ប្រធានកិត្តិយសសមាគមបានមានប្រាសន៍ថាៈការរៀបចំប្រកាសសមាសភាពថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជានិងប្រគល់ប្រាក់មរណៈសង្គ្រោះជូនដល់សមា ជិក អតីតយុទ្ធជនពេលនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអតីតយុទ្ធជនអោយពួកគាត់មានជីវភាពរស់នៅសមរម្យ។ឯកឧត្តមបន្តថាៈខេត្តប៉ៃលិនមានអតីតយុទ្ធជនសរុប១៣៧២នាក់ក្នុងនោះគ្រួសារពលី១៧១គ្រួសារ ជនមរណៈចំនួន៦២នាក់ ជនពិការចំនួន៦៩៩នាក់ និវត្តន៍ជនមានចំនួន៤២៣នាក់ ជនបាត់បង់សម្បទាមានចំនួន១៧នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន២២៦០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការសមាគមអតីតយុទ្ធជន ដែលកន្លងមកបានខិតខំបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ និង ទទួលបានស្នាដៃគួរជាទីមោទនៈ។ឯកឧត្តមបន្តថាៈយោងតាមខ្លឹមសារនៃតាមសេចក្តីណែនាំរបស់មហាសន្និបាត សមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ ដែលបានដាក់ចេញទិសដៅក្នុងការរៀបចំ លិខិតបទដ្ឋានគតិយុទ្ធ រចនាសម្ព័ន្ធ និងរបៀបរបបការងារឲ្យមានប្រសិទ្ធភាព។ដូច្នេះការកែសម្រួលថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនគឺផ្តើមចេញសេចក្តីសម្រេចរបស់មហាសន្និបាតសមាគមអតីតយុទ្ធជន សំដៅធ្វើអោយសមាគមអតីតយុទ្ធជនកម្ពុជាបំពេញការងារទទួលខុសត្រូវ និងឆ្លើយតបទាន់ពេលវេលាដល់សមាជិកសមាជិការ អោយបានសក្តិសមទៅនិងពលីកម្មធំធេង និងមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជន។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់មន្ត្រីសមាគមន៏គ្រប់ថ្នាក់ ត្រូវគោរព និងអនុវត្តន៏ឲ្យបានត្រឹមត្រូវ តាមលក្ខន្តិកៈរបស់សមាគម ទាំងរបៀបរបបធ្វើការតាមគោលការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពជាអ្នកដឹកនាំ បុគ្គលទទួលខុសត្រូវ ហើយគណៈកម្មាធិការ គ្រប់ថ្នាក់ត្រូវអនុវត្តការ ប្រជុំឲ្យបានទៀងទាត់តាមការកំណត់។
នៅក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ គន់ គីម បានបើកប្រាក់បេឡាមរណៈសង្គ្រោះដល់គ្រួសារអតីតយុទ្ធជនចំនួន២៣គ្រួសារ ដោយក្នុងមួយគ្រួសារបានប្រាក់ឧបត្ថម្ភចំនួន៤លានរៀល និងបានឧបត្ថម្ភបន្ថែមដល់សមាជិកចូលរួម២០០ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម និង ថវិកាចំនួន៤ម៉ឺនរៀល។ សមាគមក៏បានទទួលថវិកា ពីសប្បរសជននានាបានជាង៤០លានរៀលផងដែរ៕
[youtube id= “9fUnOtPYVk0”]