ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៤១គ្រួសារ ទទួលអំណោយពីឯកឧត្តម អ៊ី ឈាន


ថ្ងៃសុក្រ ១៤រោច ខែខេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ក្រុមការងារ គណបក្សប្រជាជន​កម្ពុជា​ចុះជួយ​សង្កាត់អូតាវ៉ៅ ដឹកនាំដោយ លោក តូ គឹមឃុន អនុប្រធានក្រុមការងារ និងមានការចូលរួមពីសំណាក់លោក -លោកស្រី ក្រុមប្រឹក្សាសង្កាត់ និង​លោកមេភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ  ដែលខ្វះខាតស្បៀងចំនួន៤១គ្រួសារ មកពីភូមិប៉ាងលឹម និងភូមិអូរប្រើស ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក តូ គឹមឃុន អនុប្រធានក្រុមការងារ ចុះជួយសង្កាត់អូរតាវ៉ៅ បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកបានមានប្រសាសន៍ថា ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ និងបានចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋជាហូរហែកន្លងមក។ ទីណាមានទុក្ខលំបាក ទីនោះមានការជួយសង្រ្គោះពីលោកទាំងពីរមិនទុកអោយពលរដ្ឋណាម្នាក់រងគ្រោះដោយមិនមានការជួយជ្រោមជ្រែងនោះឡើយ។ ជាក់ស្តែងពេលនេះ ក្រោយពីទទួលបានព័ត៌មានពីក្រុមការងារនៅមូលដ្ឋានស្តីពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរនេះ ឯកឧត្តម អីុឈាន បានចាត់ក្រុមការងារចុះជួយសង្កាត់នាំយកអំណោយមកចែកជូនដល់បងប្អូនអោយទាន់ពេលវេលា។ លោកបានមានប្រសាសន៍ន្តថា អំណោយទាំងនេះមានចំនួនតិចតួច ដែលសំរួលការលំបាកខ្វះខាតរយៈពេលខ្លី តែអ្វីដែលសំខាន់គឺបងប្អូនត្រូវខិតខំប្រឹងប្រែង ឧស្សាព្យាយាមដោយខ្លួនឯងក្នុងការប្រកបរបរចិញ្ចឹមជីវិត។ លោកក៏បានណែនាំអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ព្រោះពេលនេះជារដូវក្តៅ និងមានភ្លៀងផ្គរ ដែលអាចបង្ករជំងឺផ្សេង និងគ្រោះមហន្តរាយដល់ខ្លួន និងក្រុមគ្រួសារ។

សូមបញ្ជាក់ថា៖អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមេម៉ាយ  ទាំង ៤១គ្រួសារនោះ គឺ មួយគ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម, មីមួយកេស, ទឹកសុទ្ធពីយួរ និងថវិកា ៥ម៉ឺនរៀល។ ដោយឡែកលោកមេភូមិ២នាក់ទទួលថវិការ១០ម៉ឺនរៀលនិងអនុភូមិចំនួន ៦នាក់ ទទួលបានថវិកាម្នាក់ៗ ៥ម៉ឺនរៀល និងប្រជាការពារភូមិចំនួន ៦នាក់ដែលក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀលផងដែរ។  ​វួច ពឿន