ក្រសួងទេសចរធ្វើសិក្ខាសាលាស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាម រយៈការលើកកំពស់កំណើនការងារក្នុងវិស័យទេសចរណ៍


ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានរៀបចំសិក្ខាសាលាស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកំពស់កំណើនការងារក្នុងវិស័យទេសចរណ៍ ដែលសិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំផ្ទះសំណាក់បែម ប៊ូ ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និងឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គនាយករងរដ្ឋបាល ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍។ អញ្ជើញចូលរួមនាឱកាសនោះមាន លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ អាជីវករ ព្រមទាំងសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។

លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍គាំទ្រដល់ដំណើរការកិច្ចការរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ សំដៅជម្រុញអោយមានសន្ទុះខ្លាំងថែមទៀត ដើម្បីលើកកំពស់ជីវភាព និងសិទ្ធរបស់ជនពិការ, ត្រូវធ្វើអោយមានការផ្លាស់ប្តូរឥរិយាបទ ការយល់ឃើញរបស់សង្គមចំពោះជនពិការ  និងការទទួលស្គាល់សកម្មភាព និងសម្លេងជនពិការ ដែលនាំមកនូវការលើកកំពស់ដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល។ លោកជំទាវបានមានប្រសាសន៍ថា៖ ខេត្តប៉ៃលិនក៏មិនខុសពីកន្លែងដទៃទៀតលើពិភពលោក ដែលធ្លាប់ឆ្លងកាត់នូវសង្រ្គាមវិនាសសកម្ម សម្លាប់អាយុជីវិត និងពិការភាព។ លោកជំទាវបានបន្តថា ជនពិការ គឺជាមនុស្សដែលរដ្ឋាភិបាលមានការយកចិត្តទុកដាក់លើការផ្តល់សិទ្ធ និងទទួលបានផលប្រយោជន៍ដូចជនមិនពិការដែរ។ ជនពិការ និងកុមាពិការ ត្រូវដាក់បញ្ចូលក្នុងសកម្មភាពអភិវឌ្ឍន៍ ជាពិសេសគឺការៀបចំផែនការយុទ្ធសាស្រ្តជាតិ  និងថ្នាក់តំបន់ស្តីពីសកម្មភាពទាក់ទងនឹងពិការភាព កាជម្រុញការអនុវត្តគោលនយោបាយ ច្បាប់ និងបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាពិការភាព និងស្តារលទ្ធភាពពលកម្ម។

ឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គនាយករងរដ្ឋបាល ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍  បានមានប្រសាសន៍ថា៖ សិក្ខាសាលានេះមានគោលបំណងចូលរួមលើកកំពស់ការយល់ដឹងពីវិស័យពិការភាព តាមរយៈវិស័យទេសចរណ៍ ការជម្រុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកំបស់សិទ្ធជនពិការ ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធជនពិការ ការអនុវត្តយុទ្ធសាស្រ្តអ៊ីឈាន់(ធ្វើអោយសិទ្ធក្លាយជាការពិត) និងការអនុវត្តអនុក្រឹត្យ ស្តីពីកំណត់ត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបំរើការងារ  ដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង លើកកំពស់សេចក្តីថ្លៃថ្នូរ សុខមាលភាព និងសិទ្ធជនពិការ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រសួងទេសចរណ៍បានអនុវត្តតាមការនែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់ត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបំរើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការក្នុងអត្រា២% និងជំរុញផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដែលមានកម្មករ និយោជិតចាប់ពី១០០នាក់ឡើងទៅត្រូវមានជនពិការម្នាក់ ស្មើនឹតអត្រា១%នៃនិយោជិតសរុប។ ក្រសួងទេសចរណ៍លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាដិន ទាំងឡាយដែលអនុញ្ញាតអោយជនពិការចូលច្រៀង សម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីបានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើឡើង។

សូមបញ្ជាក់ថា៖ តាមរយៈលោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានអោយដឹងថា ខេត្តប៉ៃលិនសណ្ឋាគារចំនួន១១កន្លែង ស្មើនឹង៨៦៦បន្ទប់, ផ្ទះសំណាក់ ១៩កន្លែង ស្មើនឹង៥៣៦បន្ទប់, ផ្ទះជួលមាន ៨៣កន្លែង ស្មើនឹង១២៣៤បន្ទប់, ភោជនីយដ្ឋាន និងអាហារដ្ឋានមានចំនួន ៥៩កន្លែង ស្មើនឹង ២៧៣០កៅអី, មានខ្ចុះចំនួន៥៣៧ ,ខារាអូខេចំនួន ៨កន្លែងស្មើនឹង ៤៩បន្ទប់, ឌីស្កូតែក មាន ១កន្លែង ស្មើនឹង ៣២តុ, មាស្សាសុខភាព ៥កន្លែង ស្មើនឹង ១៩គ្រែ, កីឡាទេសចរណ៍ ១៤កន្លែង រួមមាន៖ ស្នុកឃ័រ ៤កន្លែង, តារាងបាល់ទាត់ ៣កន្លែង, ក្លឹបហាត់ប្រាណ ២កន្លែង, អាងហែលទឹក ៤កន្លែង, កីឡាស្គី ១កន្លែង , មានរមណីយដ្ឋាន ៥កន្លែង និងមានបុគ្គលិកបំរើការងារអោយវិស័យទេសចរណ៍សរុបចំនួន ១៥៥៩នាក់ ក្នុងនោះមានស្រីចំនួន ៩៨៧នាក់៕ ដោយ៖ វួច ពឿន