ជ្ញាធរខេត្តប៉ៃលិន ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឈានទៅសម្រេចឱ្យបានតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥


មានប្រសាសន៍នៅក្នុងទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ក្រោមប្រធានបទ (គ្មានជម្ងឺគ្រុនចាញ់ផ្តើមចេញពីខ្ញុំ) ដែលសហការរៀបចំដោយមន្ទីរសុខាភិបាលខេត្ត និងគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា (CMEP) នៅអនុវិទ្យាល័យ ប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីឈានទៅសម្រេចឱ្យបានទៅតាមផែនការយុទ្ធសាស្រ្តជាតិក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥។ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្តេជ្ញានឹងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមឆ្នាំ២០២០ និងលុបបំបាត់រាល់គ្រប់ទម្រង់គ្រុនចាញ់នៅដំណាច់ឆ្នាំ២០២៥។ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់និងអង្គការដៃគូរគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ (CMEP)នៅខេត្តប៉ៃលិន ត្រូវរួមសហការគ្នា ដើម្បីឈានទៅសម្រេចឲ្យបានតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅពេលខាងមុខ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហែម ឬទ្ធី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រើប្រាស់មុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ និងចេះថែទាំសុខភាព ពីព្រោះរដូវនេះ អាកាសធាតុក្តៅខ្លាំង ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ហើយបើមានបញ្ហាអ្វីកើតឡើងនៅមូលដ្ឋាន ត្រូវរាយការណ៍មកកាន់អាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីធ្វើការដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា។

លោកវិជ្ជបណ្ឌិត តុប សុផាណារ៉ាន់ តំណាងគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា (CMEP) បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឱ្យការងារលប់បំបាត់ជម្ងឺគ្រុនចាញ់ទទួលបានជោគជ័យតាមផែនការ គឺគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាបន្តផ្សព្វផ្សាយ ដោយផ្តល់ជាសារអប់រំសុខភាព និងលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍អំពីវិធីបង្ការជំងឺគ្រុនចាញ់ ការផ្តល់សេវាពិនិត្យ និងព្យាបាល ព្រមទាំងស្វែងរកជួបប្រជាជនចល័តដែលឆ្លងកាត់ ឬចូលមករស់នៅក្នុងតំបន់ និងតាមព្រំប្រទល់ខេត្ត ដើម្បីឆ្លើយតបទៅនឹងជំងឺនេះឲ្យបានទាន់ពេលវេលា ជាពិសេសប្រជាជនចល័តដែលចូលមកក្នុងតំបន់ព្រៃពួកគាត់មិនសូវយល់ដឹងច្បាស់ពីវិធីបង្ការជំងឺគ្រុនចាញ់ និងការប្រើប្រាស់មុងបានត្រឹមត្រូវ។លោកវិជ្ជបណ្ឌិក ក៍បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ទីរសុខាភិបាលខេត្ត ដែលមានកិច្ចសហការល្អ និងគាំទ្រយ៉ាងទូលំទូលាយចាប់តាំងពីថ្នាក់ខេត្ត រហូតថ្នាក់មូលដ្ឋាន ដូចជាការគ្រប់គ្រងការធ្វើតេស្ត ថ្នាំគ្រុនចាញ់ដែលមាននៅគ្រប់កំរិត ដែលធានាបាននូវការផ្គត់ផ្គង់ និងសម្រាប់ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

បើតាមរបាយការណ៍របស់លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន ឆ្នាំ២០១៨ ជម្ងឺគ្រុនចាញ់មានចំនួន ១២៩ករណី មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៧ គឺមានចំនួន ១០០ករណី គឺកើនឡើង ២៩ករណី ប៉ុន្តែការកើនឡើងនេះ មិនពាក់ព័ន្ធនឹងគ្រុនចាញ់ប្រភេទ ហ្វាស៊ីប៉ារ៉ូម និងចម្រុះ ដែលជាប្រភេទគ្រោះថ្នាក់ទេ គឺកើនតែគ្រុនចាញ់ប្រភេទវីវ៉ាក់ ដែលវាមានលទ្ធភាព លាប់ទៅលាប់មកលើមនុស្សដដែលៗ ហើយនៅ ០៣ខែ ដើមឆ្នាំ២០១៩នេះ ជម្ងឺគ្រុនចាញ់មានចំនួន ០៨ករណី គឺទម្រង់ វីវ៉ាក់ទាំងអស់ ហើយមានអង្គការដៃគូលុបបំបាត់ជំងឺគ្រុនចាញ់ចំនួនចំនួន ០១គឺ អង្គការ URC ឬអង្គការគម្រោងកម្ចាត់ជំងឺគ្រុនចាញ់នៅកម្ពុជា(CMEP)៕ វួច ពឿន