ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងជំរុញការរៀបចំបង្កើតបណ្តុំ សហគ្រាសធនតូច និងមធ្យម និងសិប្បកម្ម នាថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ឡាំ គឹមលេង អគ្គនាយកសហគ្រាសធនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក្នុងខេត្តប៉ៃលិន ត្រូវជួយសហការរៀបចំបង្កើតបណ្តុំ សហគ្រាសធនតូច និងមធ្យម និងសិប្បកម្មអោយបានច្រើន ដើម្បីជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នវិស័យសហគ្រាសធុនតូច និងមធ្យមបានផ្លាស់ប្តូរចលនាសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងជាគន្លឹះយ៉ាងសំខាន់ក្នុងការស្រោចស្រង់ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅពេលមានវិបត្តិសេដ្ឋកិច្ចម្តងៗ ព្រមទាំងបានស្រូបយកវត្ថុធាតុដើមក្នុងស្រុកមួយចំណែកធំឲ្យក្លាយជាផលិតផលសម្រាប់ប្រើប្រាស់ផលិតកម្មក្នុងស្រុក ហើយវិស័យនេះក៏បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលផងដែរ ដោយការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ និងចំណេះដឹងដ៏សម្បូរបែប។
ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នសិប្បកម្មក្នុងខេត្តប៉ៃលិន មិនទាន់មានសិប្បកម្មណាមួយចងក្រងជាបណ្តុំសិប្បកម្មនៅឡើយទេ គឺផលិត និងកែច្នៃរផលិតផលរបស់ខ្លួន ដោយឯងៗ ខ្សែរសង្វាក់ផលិតកម្មនៅមិនទាន់ជឿនលឿន ចំណាយថ្លៃដើមខ្ពស់ និងគុណភាពផលិតផលមិនអាចប្រកួតប្រជែង ជាមួយទីផ្សារក្នុងស្រុក និងក្រៅស្រុកបាន ដោយសារម្ចាស់សិប្បកម្មទាំងអស់ មិនទាន់យល់ដឹង ពីសារៈសំខាន់នៃការចងក្រងឱ្យមានបណ្តុំ សហគ្រាសធនតូច និងមធ្យម និងសិប្បកម្មនៅឡើយ។ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា៖ ការរៀបចំបង្កើតបណ្តុំ សហគ្រាសធនតូច និងមធ្យម និងសិប្បកម្ម គឺជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលអាចប្រើប្រាស់ជាឧបករណ៍ដ៏សំខាន់សម្រាប់សម្របសម្រួលការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំនាញការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ច ចំណេះដឹង និងកំណែទម្រង់ស្ថាប័ន ដែលអាចទាញយកផលប្រយោជន៍ និងការបើកចំហរួមទាំងការចល័តកម្លាំងពលកម្មជំនាញក្នុងតំបន់ និងការរីកសាយភាយនៃបច្ចេកវិទ្យាទំនើប ។
បើតាមរបាយការណ៍របស់លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្ននៅខេត្តប៉ៃលិន មានសិប្បកម្ម ចំនួន ៩៩ កំពុងដំណើរការសកម្មភាព ផលិតកម្ម និងអាជីវកម្មរបស់ខ្លួន ក្នុងនោះកម្មន្តសាលផលិតផលម្ហូបអាហារ ចំនួន ៦១មូលដ្ឋាន កម្មន្តសាលភេសជ្ជៈ ចំនួន ៧មូលដ្ឋាន កម្មន្តសាល ផលិតផលពីរ៉ែលោហៈដ៏ទៃទៀត ចំនួន ១៦មូលដ្ឋាន កម្មន្តសាល ផលិតផលលោហៈកែច្នៃរលើកលែងម៉ាស៊ីន និងបរិក្ខា ចំនួន ៧មូលដ្ឋាន និងកម្មន្តសាលគ្រឿងសង្ហារឹម ចំនួន ៨មូលដ្ឋាន៕ វួច ពឿន