លេខាទី២ស្ថានទូតជប៉ុន និង អភិបាលរងខេត្តប៉ៃលិនចុះសិក្សាផ្លូវមួយខ្សែប្រវែង៦៣០០ម៉ែត្រ នៅភូមិអូរសួស្តី


ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩​ ឯកឧត្តម ចេង ញ៉ាន់ អភិបាល​ខេត្ត​ប៉ៃ​លិន លោក ហ៊ិរ៉ូសិ អាតស៊ូស៊ិ លេខាទី២ស្ថានទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ បាន អញ្ជើញ​ចុះសិក្សាផ្លូវលំមួយ​ខ្សែប្រវែង៦៣០០​ម៉ែត្រ ​ដែលរងការខូចខាត នៅភូមិអូរសួស្តី សង្កាត់អូរតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន។

លោក ហ៊ិរ៉ូសិ អាតស៊ូស៊ិ លេខាទី២ស្ថានទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា៖ ការចុះ​មើលផ្លូវមួយខ្សែនេះ ដើម្បីពិនិត្យ​វាយតម្លៃ ​និង​កត់​ត្រាចំនុច​​ដែលបង​ប្អូនប្រជាពលរដ្ឋលើកឡើង សំរាប់ជាឯកសារយក​ទៅ​ពិភាក្សា​ការងារជាមួយថ្នាក់លើ ក្នុងការសម្រេចចិត្ត និងជាពិសេសបានដឹង​ពី​ស្ថាន​ភាពជីវភាពនៃការរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុសង្កាត់អូរតាវ៉ៅ សំរាប់ការចូលរួមជួសជុលផ្លូវនេះជូនប្រជាពលរដ្ឋបានធ្វើដំណើរស្រួល។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបាន​​មានប្រសាសន៍ថា៖​ ក្នុងនាមប្រជា​ពល​រដ្ឋ​ខេត្តប៉ៃលិនសូមថ្លែងអំណគុណដល់លេខាទី២ស្ថានទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះសិក្សា​ពិនិត្យមើល​ផ្លូវ​មួយ​ខ្សែនេះដោយផ្ទាល់ដើម្បីរៀបចំគំរោង​កសាងជួសជុល​ឡើង​វិញ ដែលជាតម្រូវការយ៉ាងទទូចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។​​ ឯកឧត្តមលើកឡើងថា៖ ផ្លូវគឺជាសសៃឈាមសេដ្ឋកិច្ចដ៍មានសារៈសំខាន់បំផុត សំរាប់ជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការសិក្សា ជួសជុលផ្លូនេះឡើងវិញ គឺជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុកដាក់បំផុត ដើម្បីជំរុញការអភិវឌ្ឍខេត្ត លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ការចុះសិក្សារបស់លេខាទី២ស្ថានទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាផ្លូវមួយខ្សែនេះមានប្រវែង៦៣០០ម៉ែត្រ ទទឹង៤.៥​ម៉ែត្រ ចាប់ពីចំនុចគឺជាប់ផ្លូវជាតិលេខ​៥៧ ស្ថិតនៅភូមិអូរសួស្តី សង្កាត់អូតាវ៉ៅ ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន រហូតដល់ត្រង់ចំនុចស្ពានឈើ ជាប់ផ្លូវភូមិទឹកផុស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

វួច ពឿន