ព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបើកតំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិតាង៉ែនក្រោម នក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ជើញពីលោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ លោកនាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ព្រមទាំងមន្ត្រីភូមិបាលស្រុក/ក្រុង ,សុរិយោដីខេត្ត ,មេឃុំ,មេភូមិ និងប្រជាពលរដ្ឋជាង១០០នាក់។
លោក កែវ សុវត្ថិ នាយករងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដីខេត្ត បានអោយដឹងថា៖ ក្នុងខេត្តប៉ៃលិនមានក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ចំនួនពីរក្រុម ដើម្បីធ្វើការចុះបញ្ជីដីធ្លី នៅតាមស្រុក/ក្រុងទូទាំងខេត្តប៉ៃលិន។ ថ្ងៃនេះយើងប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបើកតំបន់វិនិច្ឆ័យ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានផ្ទៃដីភូមិចំនួន៥៩០ហិកតា មានប្រជាពលរដ្ឋសរុបចំនួន៦៧១នាក់។ លោកបានបន្តថា៖ នៅក្នុងភូមិតាង៉ែនក្រោមនេះ អ្នកមានឯកសារត្រឹមត្រូវបានតែ៣០%ប៉ុណ្ណោះ ចំណែក៧០%ទៀត គឺមិនមានឯកសារកាន់កាប់ដីធ្លីគ្រប់គ្រាន់នៅឡើយទេ ។
លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ បានមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺតម្រូវឲ្យម្ចាស់ដី ឬអ្នកកាន់កាប់ដី រួមទាំងអ្នកជាប់ព្រំ ត្រូវធ្វើការកំណត់ព្រំដី ដោយមានការដាំបង្គោលឲ្យបានរឹងមាំនៅលើដីរបស់ខ្លូន ឲ្យបានរួចរាល់ និងដោយមានការព្រមព្រៀងគ្នា នៅមុនពេលមន្ត្រីជំនាញចុះកំណត់ព្រំ និងវាស់វែងជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីនោះ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានប្រសាសន៍ដោយសំដែងនូវការត្រេកអរ ចំពោះប្រជាពលរដ្ឋក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ដែលទទួលបានការធ្វើប្លងរឹងលើដីកម្មសិទ្ធរបស់ខ្លួន ដែលអាចអោយបងប្អូនយកទៅដាក់បញ្ចំខ្លីប្រាក់ធនាគារធ្វើដើមទុនរកស៊ីបាន ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការចុះបញ្ជីដីធ្លីនេះ ក៍នឹងធ្វើឲ្យដីធ្លីមានសុវត្ថិភាព ផ្លូវច្បាប់ គ្មានអ្នកណាអាចរំលោភបំពានបានឡើយ។ ឯកឧត្តមក៍បានសំណូមពរដល់មន្ត្រី ដែលចុះកំណត់តំបន់វិនិច្ឆ័យ ត្រូវសហការជាមួយប្រជាពលរដ្ឋ ហើយក៍ត្រូវមានការអនុគ្រោះ ចំពោះករណីប្រជាពលរដ្ឋខ្លះ ដែលមិនទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីអោយពួកគាត់អាចចូលរួមការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះបានផងដែរ៕ ដោយ៖ វួច ពឿន