ជាពលរដ្ឋ ខ្វះខាតស្បៀងចំនួន ១០គ្រួសារ នៅស្រុកសាលាក្រៅ ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន


ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ក្នុងនាមឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រោះមហន្តរាយខេត្ត អមដំណើរដោយលោកស្រី មាស សំនៀង អភិបាលរងស្រុកសាលាក្រៅ មន្រ្តីរាជការមួយចំនួនទៀត បាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ១០គ្រួសារ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការចែកអំណោយនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រកបមុខរបរចិញ្ជឹមជីវិតបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ។ ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាង អភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ។ ជាក់ស្តែងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានថាមានប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន ១០គ្រួសារ, ឯកឧត្តមអភិបាលខេត្ត ក៍បានចាត់ឱ្យរូបឯកឧត្តមផ្ទាល់ដឹកនាំក្រុមការងារយកអំណោយមកឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់បងប្អូនបានទាន់ពេលវេលា។ ឯកឧត្តម ហែម ឬទ្ធី ក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្ករគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ។ ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

សូមបញ្ជាក់ថាប្រជាព​លរដ្ឋក្នុងស្រុកសាលាក្រៅ ដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ១០គ្រួសារ ដោយមួយគ្រួសារៗ ទទួលបាន អង្ករ៥០ គីឡូក្រាម ទឹកត្រី១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកបរិសុទ្ធ ០២យួ មី ១កេះ និងកៅស៊ូតង់ ចំនួន ០១ ផងដែរ៕ ដោយ៖ វួច ពឿន