ឯកឧត្តម ផាន់ ចាន់ធុល ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងការកសាងស្តង់ពិពរណ៌ និងសំណង់នានា សំរាប់រៀបចំកម្មវិធីសង្រ្កាន្តប៉ៃលិន


ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រុវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងការកសាងស្តង់ពិពរណ៌ និងសំណង់នានាជាច្រើនទៀត នៅមាត់ស្ទឹងប៉ៃលិន ចាប់ពីចំនុចស្ពានស្ទឹងតារៀប រហូតដល់ស្ពានសន្តិភាព សម្រាប់ការធ្វើសង្ក្រាន្តប៉ៃលិន ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តប៉ៃលិន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនដើម្បីអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ នេះជាលើកទី១ សំរាប់ខេត្តប៉ៃលិន ក្នុងការរៀបចំកម្មវិធីសង្ក្រាន្តប៉ៃលិន សំរាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងផ្តល់ឱកាស​ដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ បាន​ស្វែងយល់​​នូវ​ភាព​សម្បូរបែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀម​ទំលាប់ ប្រពៃណី និង​សាសនា ​របស់​ព្រះរាជាណាចក្រ​កម្ពុជាយើង ព្រមទាំង​បន្ត​ពង្រីក​កិត្យានុភាព​របស់ជាតិខ្មែរនៅ​លើ​ឆាក​អន្តរជាតិផងដែរ។ សង្រ្កានប៉ៃលិន ក៏រួមចំណែកក្នុងការបំផុសគំនិត ស្មារតីយុវជន ប្រជាជនអោយចេះរួម​កម្លាំងគ្នា ​សាមគ្គី​គ្នាជាធ្លុងមួយ ជា​គ្រួសារ​ខ្មែរ​តែមួយ ​ក្នុង​មោទនភាព​ជាតិខ្មែរ​ និង​ស្មារតី​អភិរក្ស​ អភិវឌ្ឍន៍​វប្បធម៌​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរអោយបានគង់វង្ស រីកចំរើនទៅមុខទៀត។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ សង្ក្រាន្តប៉ៃលិន ឆ្នាំ២០១៩ នេះ នឹងធ្វើឡើងចំនួន ២ទីតាំង ទី១- នៅតាមបណ្តោយដងស្ទឹងប៉ៃលិន ចាប់ពីចំនុចស្ពានស្ទឹងតារៀប រហូតដល់ស្ពានសន្តិភាព និងទី២-ស្ថិតនៅបរិវេណសួនកុមារ មុខសាលាខេត្ត ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដោយមានការដាក់តាំងបង្ហាញនូវផលិតផល ដែលជាស្នាដៃរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន និងការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីរាំលេងកំសាន្ត ដើម្បីអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកលេងកំសាន្តសប្បាយរីករាយក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ក្រៅពីការធ្វើសង្ក្រាន្តប៉ៃលិនឆ្នាំថ្មី ខេត្តប៉ៃលិនក៍នៅមានតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត គឺរម្មណីយ៍ដ្ឋានធម្មជាតិចំនួន ៣ រម្មណីយ៍ដ្ឋានកែច្នៃរ ចំនួន ២ កីឡាទេសចរណ៍ ចំនួន ១៦ សណ្ឋាគារ ចំនួន ១១ ផ្ទះសំណាក់ ចំនួន ១៩ និងអាហារដ្ឋាន ចំនួន ៥៩ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ មកស្នាក់នៅ និងលេងកំសាន្ត៕

ដោយ៖ វួច ពឿន