ឯកឧត្តម ហែម ឬទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីពិធីសែនក្រុងពាលី និងដង្ហែរព្រះសពព្រះគ្រូ រតនមុនី ចាន់ គង់


រសៀលថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន កងកំលាំងប្រដាប់អាវុធ លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាច្រើននាក់ទៀត បានចូលរួមក្នុងពិធីសែនក្រុងពាលី និងពិធីដង្ហែរព្រះសព នៃពិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទានគម្រប់២ឆ្នាំ ឧទ្ទិសកុសលប្រគេនចំពោះព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិន។

ពិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទានគម្រប់២ឆ្នាំ ឧទ្ទិសកុសលប្រគេនចំពោះព្រះវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិនប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ដោយថ្ងៃទី១នេះ គឺមានពិធីសែនក្រុងពាលី និងពិធីដង្ហែរព្រះសពនៅក្នុងក្រុងប៉ៃលិន និងលើកតំកល់សពដាក់លើមែនបូជា។ ថ្ងៃទី២ គឺនៅថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាពេលល្ងាច នឹមានពិធីបូជាព្រះសព ក្រោមអធិបតីភាពឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ លុះព្រឹកឡើងត្រូវនឹងថ្ងៃចន្ទ ១៣កើត ខែ-ឆ្នាំដដែល នឹងមានពិធីរាប់បាតព្រះសង្ឃចំនួន៣០០អង្គ ដែលបាននិមន្តមកពីទីវត្តអារាមនានាក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ ព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិនបានសុគត់ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៦ និង២៤នាទីល្ងាច ក្នុងព្រះជន្ម ៨១ព្រះវស្សា។ ព្រះគ្រូ រតនមុនី ចាន់ គង់ អតីតព្រះមេគណខេត្តប៉ៃលិន បានបន្សល់ទុកនូវស្នាដៃ សិមិទ្ធិផលជាច្រើនសំរាប់ពុទ្ធបរិស័ទ កូនចៅជំនាន់ក្រោយ ដូចជា៖ កសាងព្រះវិហាវត្តគិរីរតនារាម (ភ្នំយ៉ាត), កសាងឧបដ្ឋានសាលា, កសាងផ្លូវឡើងភ្នំ, កសាងជណ្តើរឡើងភ្នំ, កសាងកុដិធំ, កសាងកុដិថ្ម និងឈើសំរាប់ព្រះសង្ឃគង់, កសាងអាស្រមលោកយាយយ៉ាតខាងលើភ្នំ, កសាងអាស្រមព្រះគោ ព្រះកែវ, កសាងអាស្រមលោកយាយទេព, ជួសជុលចេតីយ៍តូច, កសាងសំណាកព្រះពុទ្ធអង្គកំពស់២១ម៉ែត្រ, កសាងសំណាកព្រះពុទ្ធអង្គទ្រង់បាតកំពស់៥ម៉ែត្រ, កសាងអាស្រមលោកយាយយ៉ាត និងរបងខាងក្រោម, កសាងព្រះមុជ្ជលិន្ទ, កសាងប្រាសាទ៨ទិស, ជួសជុលចេតីយ៍ធំ និងសំណង់ផ្សេងៗទៀតជាច្រើន ព្រមទាំងមានដាំកូនឈើជុំវិញភ្នំយ៉ាតគ្រប់ប្រភេទចំនួន​៨០០០ដើមផងដែរ៕ ដោយ៖ វួច ពឿន