(30-08-2015) ខេត្តប៉ៃលិន៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា បានជួបសំណេះសំណាលជាមួយយុវជនគណបក្សសង្កាត់ និងជាប្រជាការពារភូមិទាំង៧ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅចំនុចភូមិបតាំងស៊ូ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ស៊ុន យី ប្រធានគណកម្មាធិការបក្សក្រុងប៉ៃលិន និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា លោកប្រធានបក្សសង្កាត់ ប្រធានបក្សភូមិ ព្រមទាំង យុវជន ប្រជាការពារភូមិចំនួនមកពីភូមិទាំង៧ ក្នុងសង្កាត់ចំនួន៧៩នាក់។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹង និងបណ្តុះស្មារតីដល់ យុវជន និងប្រជាការពារភូមិ ដើម្បីអោយពួកគេបានចូលរួមក្នុងសកម្មភាពការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងភូមិ ក៏ដូចជាសកម្មភាពជួយសង្គមផ្សេងៗទៀត និងបានរៀបចំវាស់កាត់ខោ អាវ ឯកសណ្ឋានជូនដល់ប្រជាការពារភូមិផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខាបានមានប្រសាសន៍ថា យុវជនជាទំពាំងស្នងឬស្សី ដែលត្រូវបន្តវេណពីមនុស្សចាស់នៅថ្ងៃអនាគត់។ ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គមសព្វបែបយ៉ាងគឺជាការហាត់ពត់ លត់ដំខ្លួន ក៏ដូចជាការហាត់រៀនធ្វើការងាររបស់យុវជនក្រោមការចង្អុលបង្ហាញពីមនុស្សចាស់ដែលមានបទពិសោធធ្វើការងារជាយូមកហើយ។ ឯកឧត្តមបានបន្តថា ក្រៅពីការហាត់លត់ដំខ្លួន សកម្មភាពរបស់យុវជនបានរួមចំណែកយ៉ាងច្រើន ដល់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបាននូវអំពើចោរលួច ចោរប្លន់ ក្មេងទំនើង ការសេព និងការចរាចរគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម ដែលជាការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាព៕
[youtube id= “G-KaJ_PaABQ”]