មន្ទីរកិច្ចការនារីរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»


ល្ងាចថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ ខែមីនា ឆ្នាំ​២០១៩ មន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានរៀបចំទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស»។ ទិវានេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមាន៖ លោកជំទាវភរិយាឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ភរិយាឯកឧត្តមអភិបាល អភិបាលរងខេត្ត លោកជំទាវ ជា លាភ អភិបាលរងខេត្ត លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពាណិជកម្មខេត្ត លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងស្រ្តីជាអាជីវករ បុគ្គលិកសមាគមន៍​ និងអង្គការនានា សរុបជាង៣០០នាក់។

លោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ទិវានារីអន្តរជាតិ៨មីនា ធ្វើឡើងគឺជាការរំលឹកដល់ការតស៊ូដ៏ស្វិតស្វាញរបស់នារីដើម្បីទទួលបាននូវសិទ្ធសេរីភាព ភាពស្មើមុខស្មើមាត់ជាមួយបុរស់ ដែលការតស៊ូនេះទទួលបានជោគជ័យទាំងស្រុងនៅថ្ងៃទី៨ ខែមីនា។ លោកស្រីបានបន្តថាៈ នៅឆ្នាំនេះ ទិវានារីអន្តរជាតិ ៨មីនា លើកយកប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រ  ជំរុញឱ្យមាន ការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តីដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើ​កកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិ​វិធី។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងកាលពីថ្ងៃទី០៥ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅ ក្នុងពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី១០៨ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ​២០១៩ ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ សម្តេចតេជោ បានអំពាវនាវ​ឱ្យគ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន ​និង​ជនរួមជាតិ​ទូទាំងប្រទេស​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អនុវត្ត​​ចំណុច​សំខាន់ៗ​មួយចំនួនដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​កិច្ច​គាំពារ​សង្គមចំពោះស្រ្តីឲ្យកាន់តែ​មាន​ប្រសិទ្ធភាព​ និង​តម្លាភាព ។​ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា៖ សម្តេចតេជោហ៊ុន សែន បាន​អំពាវនាវឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍ​សង្គម​ស៊ីវិល​ វិស័យ​ឯកជន ​និង​ជនរួមជាតិ​ទូទាំងប្រទេស​ចូលរួម​ទាំងអស់គ្នា​ដើម្បី​អនុវត្ត​​ចំណុច​សំខាន់​សំខាន់មួយចំនួន ដែលរួមមាន ទី​១/ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​តា​មរយៈ​ការផ្ដល់​អាទិ​ភាព​បង្កើន​ចំនួន​ស្ត្រី​ឲ្យ​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​នៅ​គ្រប់​វិស័យ ​និង​គ្រប់​កម្រិត​ទៅតាម​សមត្ថភាព​ដែលមាន​ ហើយ​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​នៅក្នុង​ឱកាស​បំពេញការងារ​តាម​តួនាទី​របស់​ពួកគាត់ ។ ​ទី​២/​ត្រូវ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់ ​និង​ត្រូវ​ព​ន្លឿ​ន​ដំណើរការឱ្យបាន​ទាន់ពេលវេលា​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ហើយ​ត្រូវសហការគ្នា​បង្កើត​ឲ្យ​មាន​មូលដ្ឋាន​ស្ថិតិ​រួម​ជា​ផ្លូវការ​មួយ​ដែល​អាច​តាមដាន ​និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ជួយ​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ។ ​ទី​៣/​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​ទាំងអស់​ឱ្យ​ពង្រឹង​ការអនុវត្ត​វិន័យ​។ ទន្ទឹមនឹងនេះ​ត្រូវ​បន្ត​ផ្ដល់ឱកាស​ដល់​ក្មេងស្រីនៅក្នុងការទទួលបានការអប់រំ​គ្រប់​កម្រិត​ ។ ​​ទី​៤/ ក្រសួងមហាផ្ទៃ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​ក្រសួង​ព័ត៌មាន ​ត្រូវ​គ្រប់គ្រង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ទូទាំងប្រទេស​ឱ្យមានប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ការកេងប្រវ័ញ្ច​លើ​ស្ត្រី ​និង​ក្មេងស្រី​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ​និង​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​បាត់​សណ្តាប់ធ្នាប់​សង្គម​​ និង​ទី​៥/​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​ក្រសួង​ព័ត៌មាន ​និង​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង ​និង​លើកកម្ពស់​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី​ និង​គ្រួសារ​ខ្មែរ ​តាមរយៈ​ការបង្កើត​កម្មវិធី​អប់រំ​ល្អ​ៗ ​ដើម្បី​បង្ហាញ​អំពី​អត្តចរិត​ស្ត្រី​ខ្មែរ​ ជាពិសេស​ការ​ស្លៀកពាក់​ប្រកបដោយ​ភាពថ្លៃថ្នូរ​ មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ ​សាក​សមជា​ប្រ​ទេស​ដែលមាន​អរិយធម៌​រុងរឿង​នៅ​គ្រប់​ជំនាន់ ។

សូមបញ្ជាក់ថា៖ យោងទៅតាមរបាយការណ៍ដែលចងក្រងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានឱ្យដឹងថា នៅក្នុងចំណោមមន្រ្តីរាជការស៊ីវិលដែលមាននៅកម្ពុជាសរុបចំនួន ២១៧.១៧១ នាក់, ស្រ្តីគឺមានប្រមាណជា ៤១​% ឬ ចំនួនប្រមាណ ៨៨.៥៨០នាក់៕

ដោយ៖ វួច ពឿន