ឯកឧត្តមផាន់ ចាន់ធុល និងសប្បុរសជន អញ្ជើញរៀបចំពិធីបុណ្យបច្ច័យបួន និង ចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សសរុបជាង៤០០នាក់


ព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជុំវិញខេត្ត និងលោកជំទាវ​ឧឩកញ្ញា ពូន មរកត់ ហៅ រ៉ូស្សាលីន និងក្រុមគ្រួសារ មិត្តភ័ក្ត បានរៀបចំពិធីបុណ្យបច្ច័យបួន នៅក្នុងបរិវេណវត្តរតនសោភ័ណ ហៅវត្តកោងកាង និងមានវេរប្រគេនចង្ហាន់ត្រង់ដល់ព្រះសង្ឃចំនួន ៦៥អង្គ ព្រមទាំងមានការចែកអំណោយមនុស្សធម៌ និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សមកពីវិទ្យាល័យភ្នំយ៉ាតសរុបជាង៤០០នាក់ផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍  ថ្លែងអំណរគុណដល់សុប្បរស់ជន មានលោកជំទាវ​ឧឩកញ្ញា ពូន មរកត់ ហៅ រ៉ូស្សាលីន និងក្រុមគ្រួសារ មិត្តភ័ក្តដែលមានទឹកចិត្តដ៏ល្អប្រពៃចែករំលែកនូវធនធានមួយចំនួនរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ឆ្លៀតក្នុងពេលរៀបចំពិធីបុណ្យបច្ច័យបួនឧទ្ទិសកុសលផលបុណ្យដល់ឪពុកម្តាយ ជីដូនជីតា ញាតិការទាំង៧សណ្តាន , លោកជំទាវ​ឧឩកញ្ញា ពូន មរកត់ ហៅ រ៉ូស្សាលីន និងក្រុមគ្រួសារ មិត្តភ័ក្តក៏បានចែកទានដល់បងប្អូនប្រជាពលរដ្ឋក្រីក្រមួយចំនួនក្នុងក្រុងប៉ៃលិន ដើម្បីជួសំរួលមួយផ្នែកតូច នៃការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមក៏បានមានប្រសាសន៍ណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ថែទាំសុខភាពអោយបានល្អ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះអគ្គីភ័យ ព្រោះថានេះជារដូវរាំងស្ងួត ងាយនឹងមានគ្រោះអគ្គីភ័យកើតឡើង។  ម្យ៉ាងវិញទៀត សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋយើងទាំងអស់ក៍ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវសាធារណៈបើកបរត្រូវមានការប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ។ ឯកឧត្តមបានមានប្រសាសន៍ជំរុញដល់ អាជ្ញាធរមូលដ្ឋានត្រូវខិតខំដោះស្រាយភាពខ្វះខាតស្បៀង ក៏ដូចជាកង្វះខាតទឹកជូនប្រជាពលរដ្ឋ ដោយត្រូវស្រង់ទិន្នន័យចំនួនប្រជាពលរដ្ឋដែលខ្វះខាតអោយបានច្បាស់ និងរាយការណ៍មកថ្នាក់លើ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ អំណោយដែលត្រូវចែកជូននាពេលនោះ រួមមាន៖ ប្រជាពលរដ្ឋ ចំនួន១៦៨នាក់ ម្នាក់ៗទទួលបានអង្ក២៥គឺឡូ ថវិកា៥ម៉ឺនរៀល ,សិស្សានុសិស្សចំនួន១៦៨នាក់ ម្នាក់ៗទទួលបាលសៀវភៅ៥ ប៊ិច៥ និងថវិកា២ម៉ឺនរៀល ,តាជី យាយជី២០នាក់ ម្នាក់ៗទទួលបានសំលៀកបំពាក់មួយកំប្លេរ ថវិកា៥ម៉ឺនរៀល ព្រមទាំងចុងភៅវត្តចំនួន៦នាក់ ម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។ ដោយឡែកព្រះសង្ឃគង់នៅវត្តរតនសោភ័ណចំនួន៦៥អង្គ ត្រូវបានប្រគេនមួយអង្គៗចំនួន៦០០០០រៀល និងស្លាដក់មួយផងដែរ៕ ដោយ វួច ពឿន