ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹកនៅភូមិស្រែអន្ទាក់


ថ្ងៃពុធ ១រោខ ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការមន្ទីរ អង្គភាពនានាមួយចំនួនទៀត បានអញ្ជើញចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ នៅដើមឆ្នាំនេះ មិនទាន់មានភ្លៀងធ្លាក់ទេ ដែលបណ្តាលឱ្យប្រភពទឹកមួយចំនួនក្នុងខេត្តប៉ៃលិន មានការរីងស្ងួត ហើយប្រជាពលរដ្ឋបានប្រឈមនឹងបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះអាជ្ញាធរខេត្ត និងមន្ត្រីក្រោមឱវាទ ក៏បានសម្រេចដឹកទឹកស្អាតសំរាប់យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងជួយទប់ទំនប់ស្ទាក់ទឹកតាមអូរ តាមស្ទឹងសម្រាប់ទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការ និងធ្វើការរាយការណ៏ជាបន្ទាន់អំពីបញ្ហាការខ្វះខាតទឹក ដើម្បីអោយថ្នាក់ដឹកនាំ និងក្រុមការងារ បានដឹង និងជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព មានអនាម័យអោយបានល្អ គឺហូបស្អាត រស់នៅស្អាត ជៀសវាងកើតនូវជម្ងឺតម្កាត់ផ្សេងៗ។

តាមរបាយការណ៍របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ ខេត្តប៉ៃលិន មានឃុំចំនួន ២ ក្នុងស្រុកសាលាក្រៅ កំពុងខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ គឺភូមិស្រែអន្ទាក់,ភូមិកោះកែវ ក្នុងឃុំសាលាក្រៅ និងភូមិភ្នំក្រិញ ភូមិបាយសី ភូមិអូរកន្ធៀងវ៉ា ភូមិអន្លង់រក្សា ក្នុងឃុំស្ទឹងត្រង់។ បច្ចុប្បន្ននេះ អាជ្ញាធរក៏កំពុងចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ដើម្បីដឹកទឹកស្អាតចែកជូនដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕ ដោយ៖ វួច ពឿន