ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវ បាន ស្រីមុំ ចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងភូមិបឹងព្រលឹត


ព្រឹកថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦​ ខែកុម្ភៈឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកជំទាវ បាន ​ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានចុះពិនិត្យ និងព្យបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីបើកការពិនិត្យ ព្យាបាលនេះ បានធ្វើឡើងនៅចំនុចសាលាបឋមសិក្សាបឹងព្រលឹត, ក្រោមអធីបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារ និងយុវជន ស.ស.យ.ក ជាច្រើននាក់ទៀតផងដែរ។

មានប្រសាសន៍សំណេះសំណាលបើកការពិនិត្យ ព្យាបាលនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោកទំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍ថា៖ ដោយសារលោកជំទាវជាប់រវល់បំពេញបេសកកម្មនៅក្រៅប្រទេស ទើបលោកជំទាវមិនអាចមកចូលរួមក្នុងកម្មវិធីពិនិត្យ ព្យាបាល ជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា៖ ការចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនាពេលនេះ គឺជាថ្ងៃទី១ វគ្គទី២ នៃការចាប់ផ្តើមពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បន្ទាប់ពីវគ្គទី១បានបញ្ចប់នៅក្នុងអាណត្តទី៥នៃរដ្ឋសភា ដោយបានពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទាំងក្នុង និងក្រៅខេត្ត សរុបបានចំនួន ២៧៥៧២នាក់។ ឯកឧត្តមបានមានប្រសាសន៍បន្តថា យើងមានអ្វីៗទាំងអស់សព្វថ្ងៃនេះគឺដោយសារគុណបំណាច់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខ សន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ  យើងមានឱកាសប្រកបរបចិញ្ចឹមជីវិត មានជីវភាពប្រសើឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តម ក៏បាននែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដឹកគុណដល់សម្តេចតេជោ តាមរយៈការគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច និងមិនត្រូវជឿលើការឃោសនាអកុសលណាមួយ ពីក្រុមអគតិដែលតែងតែខិតខំរិៈរកគ្រប់មធ្យោបាយដើម្បីបំផ្លាញខ្មែរ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរយើង។

សូមបញ្ជាក់ថា៖ ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺដោយមានការឧបត្ថម្ភទាំងស្រុងពីឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន​​ស្រីមុំ អ៊ីឈាន អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ នៅថ្ងៃទី១នៃការពិនិត្យ ព្យាបាល នៅក្នុងសាលាបឋមសិក្សាបឹងព្រលឹតនេះ គេសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកទទួលការពិនិត្យ ព្យាបាល ហើយនៅក្នុងនេះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោកជំទាវបានស្រីមុំ ក៏បាននាំយកនូវរថយន្តផ្ទុកបរិក្ខាពេទ្យដ៏ទំនើបសំរាប់មកចូលរួមក្នុងបេសកម្មពិនិត្យព្យាបាលសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះផងដែរ៕ ដោយ៖ វួច ពឿន