ថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តប៉ៃលិនបានបើកកិច្ចប្រជុំសាម័ញ្ញលើកទី៥៧ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡីចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទី ខេត្តប៉ៃលិន ឯកឧត្តមអភិបាលរងខេត្ត អស់លោក- លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកំលាំងប្រដាប់អាវុធ លោកមេឃុំ ចៅសង្កាត់ និង មន្រ្តីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
របៀបវរៈនៃកិច្ចប្រជុំនេះ ៖ទី១ ពិនិត្យ និង អនុម័ត្តលើរបៀបវរៈនៃកិច្ចប្រជុំសាម័ញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត។ ទី២ ពិនិត្យ និង អនុម័ត្តលើកំណត់ហេតុនៃកិច្ចប្រជុំសាម័ញ្ញលើកទី៥៦ អាណត្តទី២ របស់ក្រុមប្រឹក្សាខេត្ត។ ទី៣ ពិនិត្យ និងអនុម័ត្តលើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តប៉ៃលិន។ ទី៤ ពិធីប្រកាសស្តីពីការទទួលស្គាល់សមភាពប្រធានការិយាល័យប្រជាពលរដ្ឋ និងទី៥ គឺបញ្ហាផ្សេងៗ។
បន្ទាប់ពីលោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិនបានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តប៉ៃលិនរួចមក ក្រុមប្រឹក្សាខេត្តក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនជំរុញអោយគណអភិបាលបន្តដោះស្រាយអោយបានល្អប្រសើរជូនប្រជាពលរដ្ឋមានដូចជា៖ ទី១៖ សូមអោយពិនិត្យឡើងវិញបញ្ហាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថូ ម៉ាស ដែលមួយរយៈពេលនេះមានការខ្វះខាតទឹកប្រើប្រាស់ និងឧហ្សាហ៍ដាច់ទឹកជាញឹកញាប់ និងក្រុមហ៊ុនបណ្តាញទឹកស្អាតនៅស្រុកសាលាក្រៅពុំទាន់តបណ្តាញនៅតាមមូលដ្ឋានស្រុកសាលាក្រៅតាមផ្ទះប្រជាពលរដ្ឋនៅទីប្រជុំជនអោយបានទូលំទូលាយនៅឡើយ។ ទី២៖ សូមអោយគណអភិបាល និងមន្ទីរជំនាញពាក់ព័ន្ធពិនិត្យលើក្រុមហ៊ុនឯកជនដែលពុះដីឡូតិ៍លក់ពុំទាន់មានច្បាប់ និងការអនុញ្ញាតិត្រឹមត្រូវនៅឡើយ។ ទី៣៖ បញ្ហាកាប់ទន្ទ្រាន្តដីព្រៃភ្នំ និងដុតព្រៃរបស់ប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធខុសច្បាប់នៅតែកើតមានឡើង ។ ទី៤៖ បញ្ហាលាមកជ្រូកបង្ហូរចូលអូរធម្មជាតិ និងបង្កជាកិ្លនស្អុយប៉ះពាល់អ្នកជិតខាង។
ជាការឆ្លើយតបឯកឧត្តម ចេង ញ៉ាន់ អភិបាលស្តីទីខេត្តប៉ៃលិន បានជំរុញអោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ធ្វើការសហការដោះស្រាយអោយបានទាន់ពេលវេលា។ ពាក់ព័ន្ធនឹងបញ្ហាក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ថូ ម៉ាស មានការខ្វះខាតទឹក និងមានការដាច់ទឹកជាញឹកញាប់ សូមមន្ទីរជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យ និងសិក្សាលើបញ្ហាអោយបានច្បាស់លាស់ដើម្បីសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ព្រោះទឹកជាតម្រូវការប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃមិនអាចខ្វះបានឡើយ ។ ម្យ៉ាងវិញទៀតតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនឹងមានការរាំងស្ងួតគ្រប់ទីកន្លែងចាប់ផ្តើមពីផ្តើមខែមីនា ឆ្នាំ ២០១៩។ ដូចនេះមន្ទីរធនធានទឹក និងអាជ្ញាធរតាមមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ និងស្តុកទុកសម្រាប់ធ្វើកសិកម្មតាមផ្នែកនីមួយៗអោយបានល្អផងដែរ។ ឯកឧត្តម បានបន្តថា ចំពោះបញ្ហាក្រុមហ៊ុនឯកជនពុះដីឡូតិ៍លក់ពុំមានច្បាប់ និងការអនុញ្ញាតិត្រឹមត្រូវ សូមមន្ទីរជំនាញសុរិយាដី និងនគររូបនីយកម្ម ព្រមទាំងអាជ្ញាធរដែនដីត្រូវសិក្សា និងពិនិត្យអោយបានច្បាស់លាស់ឡើងវិញជៀសវាងបញ្ហាកើតមានឡើងនាថ្ងៃខាងមុខ។ មួយវិញទៀតបញ្ហាលាមកជ្រូកនៅស្ពានមេម៉ាយមន្ទីរបរិស្ថាន និងអាជ្ញាធរត្រូវមានវិធានការណែនាំ និងទប់ស្កាត់ការសាយភាយក្លិន បង្ហូរលាមកចូលអូរធម្មជាតិដែលនាំអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានលើកយកបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមានឡើងក្នុងខេត្តប៉ៃលិន មកដោះស្រាយអោយបានសមស្របជូនប្រជាពលរដ្ឋ និងអនុវត្តន៍ស្រមតាមគោលនយោបាយឈ្នះៗទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានរីកចំរើនឡើង។ ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ បញ្ហាជាច្រើនដែលក្រុមប្រឹក្សាខេត្តបានលើកឡើងគឺគណអភិបាលកំពុងតែអនុវត្តនិងធ្វើការដោះស្រាយជាបន្តបន្ទាប់ ហើយក៏មានបញ្ហាមួយចំនួនទៀតជាបញ្ហាថ្មីដែលយើងបន្ត រួមគ្នាដោះស្រាយអោយបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ អ្វីដែលនៅមានការខ្វះខាតមន្ត្រីជំនាញដែលពាក់ព័ន្ធចូលរួមសហការគ្នាអនុវត្តន៍ទៅតាមតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរឡើងស្របតាមគោលនយោបាយកែទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តកិច្ចសហការគ្នាក្នុងការចូលរួមពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អប្រសើឡើង ជាពិសេសទប់ស្កាត់ការជួញដូប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ និងចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ព្រោះថារដូវនេះក្តៅខ្លាំងភ្លើងងាយឆេះបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង៕
ពិនិត្យ កែសម្រួល៖ វួច ពឿន