ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិន មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័កស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក -លោកស្រីប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការជាច្រើនរូបទៀតផងដែរ។
តាមព្រះរាជក្រឹត្យ និងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអានដោយលោកឧត្តមសេនីយ៍ត្រី នួន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ជំនួសលោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ដែលត្រូវចូលនិវត្ត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោជា ចាន់ឌិន ដែលត្រូវចូលនិវត្តន៍បានធ្វើរបាយការណ៍ស្តីពីសភាពការណ៍សន្តិសុខរួចមក ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តមានប្រសាសន៍ ស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ពិសេសស្នងការ ត្រូវយកស្មារតីទទួលខុសត្រូវខ្ពស់ ជាអ្នកផ្តល់សេវាពិតៗជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកលើកកំពស់នយោបាយកែទំរងរបស់រាជរដ្ឋាភិបាល និងបង្កើតបាននូវកាស្រលាញ់រាបអានពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមមានប្រសាសន៏ទៀតថា ភាពអសកម្មរបស់មន្រ្តីនគរបាលជំនាញរបស់យើង ទាំងនៅថ្នាក់ខេត្ត និងនៅថ្នាក់ក្រុង/ស្រុក ទាំងអាកប្បកិរិយា និងសកម្មភាព ដែលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត គឺជាបញ្ហាដ៏ចាំបាច់ដែលរដ្ឋបាលខេត្តធ្វើការដោះស្រាយ។ ដូច្នេះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនិមួយៗមិនអាចមើលរំលងបានឡើយ ទោះក្នុងលក្ខខ័ណ្ឌបែបណាក៏ដោយ យើងត្រូវតែរួមគ្នា ដោះស្រាយធ្វើអោយបានល្អឡើងវិញ ដើម្បីបំរើប្រជាពលរដ្ឋ ហើយត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព រក្សាបានទាំងផ្លូវកាយ ទាំងផ្លូវចិត្តជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងមូល ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ពាំនាំការសាកសួសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចំពោះកងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍សំដែងការកោតសរសើដល់គណៈអភិបាលខេត្ត និងស្នងការនគរបាលខេត្ត ដែលបានខិតខំអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើ រក្សាបាននូវសុខ សន្តិភាព និងមានការអភិវឌ្ឍរីកចំរើននៅក្នុងខេត្តប៉ៃលិនបានយ៉ាងគាប់ប្រសើ។ ឯកឧត្តមបានមានប្រសាសន៍ថាៈ ស្នងការនគរបាលខេត្ត គឺជាសេនាធិការអោយគណៈបញ្ជាការឯកភាពខេត្ត និងមានឯកឧត្តមអភិបាលខេត្តជាប្រធាន សំរាប់ដឹកនាំគោលការណ៍ និងនយោបាយ អំពីកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។ ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់លោកស្នងការដែលទើបទទួលបានការតែងតាំងមុខតំនែងថ្មី ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើ និងពង្រឹងការងារទប់ស្កាត់បទល្មើសផ្សេងៗអោយមានប្រសិទ្ធភាព។ ម្យ៉ាងទៀតត្រូវពង្រឹងយន្តការដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងអង្គភាពស្នងការនគរបាលខេត្តអោយបានល្អ ដោយមានចែកផែនទទួលខុសត្រូវអោយបានច្បាស់លាស់ និងត្រូវពង្រឹងកំលាំងអន្តរាគមន៍គ្រប់ថ្នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕ ដោយ វួច ពឿន