គណៈប្រតិភូគណកម្មាការទី៣នៃរដ្ឋសភាអញ្ជើចុះសិក្សាស្វែងយល់ពីវិស័យធនធានទឹក កសិកម្ម បរិស្ថាន និងអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន


ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូគណកម្មាការទី៣នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ជា វណ្ណដេត ប្រធានគណកម្មាការទី៣នៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្វែងយល់ និងជំរុញការងារលើវិស័យធនធានទឹក កសិកម្ម បរិស្ថាន និងអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដើម្បីអោយវិស័យទាំងនេះកាន់តែដំណើរការទៅដោយរលូនល្អ សមស្រប និងមានប្រសិទ្ធភាព សំរាប់បំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការងារអភិវឌ្ឍខេត្តប៉ៃលិនអោយរីកចំរើនប្រែមុខមាត់ថ្មីបន្ថែមទៀត។ កិច្ចប្រជុំសិក្សាស្វែងយល់នេះបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលស្តីទីខេត្តប៉ៃលិន ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក ព្រមទាំងលោកប្រធានមន្ទីរពាក់ព័ន្ធទាំងអស់។

ក្រោយពីឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានរាយការណ៍ពីសមិទ្ធិផលការងារដែលមន្ទីរវិស័យពាក់ព័ន្ធទាំងបួនសំរេចបានក្នុងឆ្នាំ២០១៨ ជូនអង្គពិធីរួចមក ឯកឧត្តម ជា វណ្ណដេត ប្រធានគណកម្មាការទី៣ នៃរដ្ឋសភាបានអនុញ្ញាតិអោយលោកប្រធានមន្ទីរពាក់ព័ន្ធទាំង៤ មាន៖ មន្ទីរធនធានទឹក និងឧត្តុនិយម មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ មន្ទីរបរិស្ថាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរាយការលំអិតពីសកម្មភាពការងារដែលអនុវត្តបាននាឆ្នាំកន្លងមក និងបញ្ហាប្រឈមនានា ដើម្បីអោយគណប្រតិភូបានយល់ជ្រាប និងផ្តល់អនុសាសន៍សំរាប់ជំរុញការងារពាក់ព័ន្ធទាំងអស់នោះអោយដំណើរការដោយសមស្រប និងមានប្រសិទ្ធភាពសំរាប់ឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀត។

ក្រោយពីលោកប្រធានមន្ទីរពាក់ព័ន្ធទាំង៤ បានរាយការសង្ខេបពីសមិទ្ធិផលការងារក្នុងឆ្នាំ២០១៨ ជួនគណប្រតិភូរួចមក, លោកជំទាវ បានស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានមានប្រសាសន៍ណែនាំ និង ផ្តល់អនុសាសន៍ដល់មន្ទីរពាក់ព័ន្ធទាំង៤ ទី១៖មន្ទីរធនធានទឹក និងឧត្តុនិយមៈ ត្រូវគ្រប់គ្រងចែកចាយទឹកអោយបានត្រឹមត្រូវ ស្មើភាពគ្នា ដោយមិនត្រូវប្រកាន់បក្សពួក អ្នកតូចអ្នកធំនោះឡើយ។ ត្រូវផ្សព្វផ្សាយពីនិនិវិធីនៃការប្រើប្រាស់ទឹកដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយ ជៀសវាងមានការភ័នច្រឡំ និងមានទំនាស់ក្នុងការប្រើប្រាស់ទឹក។ ទី២៖ មន្ទីរបរិស្ថានខេត្តៈ មុននឹងចេញលិខិតអោយប្រជាពលរដ្ឋណាម្នាក់អាស្រ័យផលនៅលើដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត-ប៉ៃលិន ត្រូវមានការពិភាក្សា ឯកភាពគ្នាជាមួយរដ្ឋបាលខេត្ត និងការិយាល័យតំណាងរាស្រ្តផងដែរ ដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា ឬការតវ៉ាផ្សេងៗអោយមានប្រសិទ្ធភាព។ ទី៣៖ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទៈ ត្រូវមានវិធានការជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាការផ្លាញពីសត្វចង្រៃបំផ្លាញដំណាំរបស់ពួកគាត់អោយទាន់ពេលវេលា និងមានប្រសិទ្ធភាព ជៀសវាងសត្វល្អិតបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋអស់ហើយ ទើបនាំគ្នាទៅពិនិត្យតាមក្រោយ។ ទី៤៖ មន្ទីរអភិវឌ្ឍជនបទត្រូវបន្ថែមការយកចិត្តទុកដាក់ពិនិត្យ និងជួសជុលអណ្តូងទឹកជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់ងាយស្រួល។ លោកជំទាវក៏បានមានប្រសាសន៍សំដែងការលំបាកក្នុងការជួយជួសជុលផ្លូវលំជូនប្រជាពលរដ្ឋតាមសំណូមពរ ដោយសារមានផ្លូវខ្លះគឺជាគំរោងកសាង និងជួសជុលដោយមន្ទីរអភិវឌ្ឍន៍ជនបទដែលមិនទាន់ទំលាក់កញ្ចប់ថវិកាសំរាប់កសាងនៅឡើយ។

ឯកឧត្តម ជា វណ្ណដេត ប្រធានគណកម្មាការទី៣នៃរដ្ឋសភាបានមានប្រសាសន៍គាំទ្រការលើកឡើងរបស់លោកជំទាវបានស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ ឯកឧត្តមបានមានប្រសាសន៍ថា លោកជំទាវបាន ស្រីមុំ គឺជាតំណាងអោយប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន យល់ពីសុខ ទុក្ខរបស់ប្រពលរដ្ឋនៅក្នុងខេត្តប៉ៃលិន។ ដូច្នេះអ្វីដែលលោកជំទាវបានលើកឡើងមកនេះ មន្ទីរពាក់ព័ន្ធទាំង៤ ត្រូវយកទៅអនុវត្តអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

មានប្រសាសន៍បិទអង្គប្រជុំឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានឯកភាព និងទទួលយកនូវអនុសាសន៍ទាំងឡាយដែលគណប្រតិភូរដ្ឋសភាបានផ្តល់ជូនដល់មន្ទីរវិស័យពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្តផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា យើងតែងបានធ្វើឡើងជាទៀងទាត់នូវសមាហរណកម្មថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុក ដើម្បីអោយមន្ទីរ អង្គភាពពាក់ព័ន្ធនានាបានមានឱកាសសិក្សា និងទទួលនូវគំរោងអភិវឌ្ឍន៍នានារបស់ខេត្ត យកទៅអនុវត្តតាមលទ្ធភាពថវិការរនៅក្នុងអង្គភាពរបស់ខ្លួន។ ក៏ប៉ុន្តែ ពេលខ្លះការអនុវត្តរបស់មន្ទីរ អង្គភាពមួយចំនួនក៏មិនទាន់អនុវត្តបាន១០០%តាមផែនការ ឬមានការយឺតយ៉ាវដោយកត្តាផ្សេង ដែលមិនអាចបំពេញទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕

ដោយ​៖ វួច ពឿន