ព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រតិភូអមដំណើរបានអញ្ជើញចែកអំណោយស្បៀង និងសម្ភារៈមួយចំនួនទៀតដល់ ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន១២៥១គ្រួសារ មកពីឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ពិធីចែកំអំណោយនេះបានធ្វើឡើងនៅភូមិអូរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាតក្រហមកម្ពុជាខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងមានសប្បុរស់ជនជាតិ និងអន្តរជាតិចូលរួមផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជានៅលើទឹកដីខេត្តប៉ៃលិននេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព និងការបង្ហាញឆន្ទះ និងការទទួលខុសត្រូវខ្ពស់ក្នុងការរួមកម្លាំង ដើម្បីភាពឋិតថេរ និងការរីកចំរើននៃកម្លាំងមនុស្សធម៌អោយបានទាន់ពេលវេលា និងមានប្រសិទ្ទភាពសម្រាប់ជួយដល់ជនរងគ្រោះ និងអ្នកងាយរងគ្រោះសមដូចប្រធានបទ “កាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា” “ទីណាមានទុក្ខលមបាក ទីនោះមានវត្តមានសម្តេចប្រធានជាប់ជាប្រចាំ”។ ឯកឧត្តមបានមានប្រសាសន៍បន្តថា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អំណោយដ៏ធំធេងដែលជាសមិទ្ធិផលធំៗសម្រាប់ជួយដោះស្រាយជីវភាព ជាពិសេសទីជម្រកសំរាប់រស់នៅរបស់ប្រជាជនក្រីក្រ, ក្នុងនោះសម្តេចបានសាងសង់ផ្ទះមានចំនួន ១១៥ខ្នង អណ្តូងទឹក១២៥កន្លែង ស្រះទឹកទំហំ ២០គុណ៤០ម៉ែត្រ ចំនួន១៣កន្លែង។ សមិទ្ធផលទាំងនេះមិនរួមបញ្ចូលអំណោយជាស្បៀងអាហារ សម្ភារៈដ៏ច្រើនលើសលប់ផ្សេងទៀតនោះឡើយ។
សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសម្តេចពីសម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាចំពោះបងប្អូនកូនចៅរបស់ព្រះអង្គទាំងអស់។ សម្តេចប្រធានកាកបាទ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ត្រូវពិសារទឹកឆ្អឹន ហើយចំពោះបងប្អូននារីដែលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះអោយបានជាប់ជាប្រចាំ។ ចំពោះអ្នកផ្ទុកមេរោគអេដស៍ត្រូវទៅទទួលថ្នាំពន្យាអោយបានទៀងទាត់ ហើយក៏មិនត្រូវទៅចម្លងដល់អ្នកដទៃបន្តទៀតដែរ។ សម្តេចក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់អោយជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗ ក៏ដូចជាល្បែងជល់មាន់ផងដែរ។
សូមបញ្ជាក់ថាៈ ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះសរុបមានចំនួន១២៥១គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង ភួយ ក្រមារ អាវយឺត ក្រណាត់ស និងថវិកាមួយចំនួនទៀតផងដែរ៕
ដោយ៖ វួច ពឿន