ម្ចាស់ស្ថានីយ៍ប្រេងឥន្ឋនៈចំនួន៣ទីតាំងនៅខេត្តបៃលិន ត្រូវបញ្ជូនទៅតុលាការ ក្រោយរកឃើញបទល្មើសបច្ចេកទេសគុណភាព


ម្ចាស់ស្ថានីយ៍ប្រេងឥន្ឋនៈចំនួន៣ទីតាំង នៅក្នុងខេត្តបៃលិន មានទី១/ស្ថានីយ៍ប្រេងឥន្ឋនៈសូគីមិចបូរី ប៉ៃលិន, ទី២/ស្ថានីយប្រេង ឥន្ធនៈ តូតាល់, ទី៣/ស្ថានីយ៍ប្រេងឥន្ឋនៈ ជាងសៀន ត្រូវបានបញ្ជូនទៅតុលាការខេត្ត បន្ទាប់ពីរកឃើញមានភាពមិនប្រក្រតី ក្នុងការគេងបន្លំបរិមាណ នឹងគុណភាព ពោលគឺបរិមាណចំណុះលីត្រមិនគ្រប់ ដោយក្នុង១០០លីត្រ លំអៀងពី ១លីត្ររហូតដល់៤លីត្រ។

ការរកឃើញភាពមិនប្រក្រតីក្នុងការគេងបន្លំបរិមាណ នឹងគុណភាពសាំងនេះ គឺក្រោយពេលដែលមន្ត្រីជំនាញកាំកុងត្រូលខេត្តប៉ៃលិន បានសហការជាមួយក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈនាយកដ្ឋានកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត, ដឹកនាំដោយលោក ឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋានកាំកុងត្រូល កិច្ចការងារអ្នកប្រើប្រាស់ និងការបង្ក្រាបការក្លែងបន្លំ,កាលពីថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅតាមស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់នៅទូទាំងខេត្តប៉ៃលិន។

លោក ឈឹម វាសនា បានឲ្យដឹងថា ដោយបានសហការគ្នាជាមួយក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈ ដឹកនាំដោយលោក មាន ចំណាប់ និងមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះពិនិត្យ និងស្រាវជ្រាវរក នូវស្ថានីយ៍ប្រេងឥន្ធនៈទាំងឡាយណាដែលខុស អនុលោម លើផ្នែកគុណភាព និងរង្វាស់រង្វាល់នៅក្នុងខេត្តប៉ៃលិន។ លោកបានបន្តថា ក្នុងរយៈពេលពេញមួយថ្ងៃនេះ ក្រុមការងារបានចុះពិនិត្យនៅលើស្ថានីយ៍ប្រេងឥន្ធនៈទាំង១០កន្លែង ដោយរកឃើញមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត។ ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។ ដោយឡែកស្ថានីយ៍ ឥន្ធនៈ នឹងដេប៉ូចំនួន៧ កន្លែងផ្សេងទៀត មានភាពមិនត្រឹមត្រូវបន្តិចបន្តួច ដោយសារបញ្ហាទៅលើបច្ចេកទេសម៉ាស៊ីនបាញ់ប្រេង ដូច្នេះមន្រ្តីជំនាញគ្រាន់តែធ្វើការអប់រំអោយកែលម្អឡើងវិញ៕